ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ រកឃើញឡេលាបស្បែក និង ទំនិញខូចគុណភាព ជាច្រើន

176

កំពង់ស្ពឺ៖ សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺដោយមានកិច្ច សហ ការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណ:គ្រប់គ្រងផ្សារ បានចុះអង្កេតតាមទីផ្សារស្ថិតក្នុងស្រុកសំរោងទង មានផ្សារព្រៃផ្តៅ ផ្សារត្រពាំងអំពិល និង ផ្សារសាមគ្គី ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់មួយចំនួន ដែលហួសសុពលភាពប្រើប្រាស់ និងខូច គុណភាព កាលពីព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៨ ។
មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា៖ ក្នុងការចុះត្រួតពិនិត្យនៅផ្សារខាងលើនេះជាលទ្ធផលសមត្ថកិច្ច បានរកឃើញការដាក់តាំងលក់នូវផលិតផលដែលមានសភាពខុសប្រក្រតី និងបានធ្វើការដកហូតទៅតាមនីតិវិធីទុកសម្រាប់ធ្វើការកម្ទេចចោលរួមមាន ៖ – ទឹកក្រូច ចំណុះ ១ លីត្រ ចំនួន ៣ ដប– នំចម្រុះ ៣ គីឡូក្រាម– ឡេលាបឲ្យសក្នុងរយ:ពេលខ្លី ( មេឡា ) ១ ធុង ចំណុះ ៥ គីឡូក្រាមនិងមៀនកំប៉ុង ចំណុះ ៥០០ ក្រាម ចំនួន ៤ កំប៉ុងសរុបចំនួន ១៣ គីឡូក្រាម ។ ក្នុងនោះក្រុមការងារក៏បានចុះដល់ទីតាំងសិប្បកម្មកែច្នៃស្ករត្នោតចំនួន ១ ទីតាំង ជាលទ្ធផលបង្ហាញថា សង្ស័យមានប្រើប្រាស់នូវសារធាតុគីមីហាមឃាត់ សូដ្យូមអ៊ីដ្រូស៊ុលហ្វីត ដើម្បីធ្វើឲ្យមានពណ៌ស រួមទាំងពុំមានអនាម័យត្រឹមត្រូវផងដែរ ។ក្នុងករណីនេះ ក្រុមការងារក៏បានដកយកគំរូដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូលដើម្បីធ្វើពិសោធន៍ឲ្យបានជាក់ច្បាស់ ។ បើពិនិត្យឃើញ ថាទំនិញទាំងអស់នោះ ប្រើប្រាស់ទៅនិងធ្វើឲ្យប៉ះពាល់ដល់សុខភាព មន្រ្ដីកាំកុងត្រូល និងធ្វើការដកហូតទាំងអស់ទៅ កំទិចចោលតែម្ដង ។ ក្រោមពីពិនិត្យឃើញមានទំនិញជាច្រើន បានដាក់លក់ហួសសុពលភាព បែបនេះ មន្ដ្រីកាំកុងត្រួលក៏ បានបន្ដចុះ អប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅអនុវិទ្យាល័យ ម្រុំខាងត្បូង ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណ:គ្រប់គ្រងសាលា សរុបជាង ១០០ នាក់ រួមទាងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ២៥០ ផ្ទាំង ។
ក្រោយពីធ្វើការអប់រំ ដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ រួចហើយ មន្រ្ដីក៏បានបន្តចុះតាមដានតម្លៃប្រេងឥន្ធន:ដែលបានដាក់លក់នៅតាមបណ្តាស្ថានីយ៍ មួយចំនួនក្នុងទីរួមខេត្ត ជាលទ្ធផលបង្ហាញថា ថ្លៃនៃការដាក់លក់រាយគឺត្រឹមត្រូវទៅតាមការកំណត់នៃប្រកាសរបស់ក្រសួងពាណិជ្ជកម្ម តែក្នុងនោះក៏មានស្ថានីយ៍មួយចំនួននលក់ថ្លៃទាបជាងការប្រកាសរបស់ក្រសួងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង