ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិមួយកាបូប ជាង១ម៉ឺនដុល្លារ ពីស្ត្រីម្នាក់ពីលើរថយន្តដឹកអ្នកដំណើរ

110

ប្លែកបន្តិចហើយណា !! ធ្លាប់តែមានជិះម៉ូតូឆក់ម៉ូតូ លើកនេះជនសង្ស័យ ធ្វើសកម្មភាព ឆក់យកទ្រព្យសម្បត្តិមួយកាបូប ពីស្ត្រីម្នាក់ ពីលើរថយន្តដឹកអ្នកដំណើរ រួចរត់គេចខ្លួនពួនសម្ងំ លាក់ខ្លួនក្នុងផ្ទះសំណាក់

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណី ឆក់យកទ្រព្យសម្បត្តិពីស្រ្តីរងគ្រោះឈ្មោះ ម៉ុយ ផល្លី ហៅពញ្ចពណ៌ អាយុ ៣៩ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុង-ខេត្តក្រចេះ នៅចំណុចផ្ទះសំណាក់យីហោ ចំរើនលាភ ស្ថិតក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈពេលជននោះ ជិះម៉ូតូចូលជួលផ្ទះសំណាក់ដើម្បីលាក់ខ្លួន នៅវេលាម៉ោង ២៣ និង ៣០ នាទីយប់ ថ្ងៃទី ២២ វិច្ឆិកា ២០១៨ ។

អំពើឆក់យកទ្រព្យសម្បត្តិមួយកាបូបពីស្រ្តីរងគ្រោះនោះ បានកើតឡើងកាលពីរាត្រី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ០០ នាទីយប់ មានរថយន្តដឹកអ្នកដំណើរ៤៥កៅអី ពណ៌ក្រហម ពាក់ស្លាកលេខ រតនគិរី 3A.8558 បើកបរដឹកអ្នកដំណើរពីខេត្តក្រចេះ ឆ្ពោះទៅរាជធានីភ្នំពេញ (មានភ្ញៀវ២-៣នាក់) លុះមកដល់ចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិចំការគ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ អាយុប្រហែលជា ៣០ ឆ្នាំស្តើង មានភិនភាគ សម្បុរសសណ្តែកបាយ កម្ពស់ប្រហែលជាជាង ១៦០ ស.ម ស្លៀកពាក់សំល្លៀកបំពាក់ អាវយឺតសដៃវែងទាញដៃអាវខោខៅបយជើងវែង បានហៅតៃកុងរថយន្តឲ្យឈប់ ពេលរថយន្តនោះឈប់ក៏ធ្វើសកម្មភាពឆក់យកកាបូប របស់ស្ត្រីរងគ្រោះ រួចរត់គេចខ្លួនពីលើរថយន្ត ដោយសុវត្ថិភាព យោងតាមពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ មកប្តឹងសមត្ថកិច្ចយើង ឲ្យជួយអន្តរាគមន៍ ។

ស្ត្រីរងគ្រោះបានឲ្យដឹងបន្ថែមទៀតថា ៖ នៅពេលក្នុងកាបូបរបស់ខ្លួននោះមាន ប្រាក់ដុល្លារចំនួន ៩.៩០០$ (ប្រាំបួនពាន់ប្រាំបួនរយដុល្លារ) , ប្រាក់រៀលចំនួន ៩.០០០,០០០៛ (ប្រាំបួនលានរៀលគត់) , ប្រាក់បាតចំនួន ២.៥០០បាត , កងដៃផ្លាកទីនមួយចំនួនមានតម្លៃស្មើ ១.៣០០ $ (មួយពាន់បីរយដុល្លា) , ខ្សែកមាសទម្ងន់ ៣ តម្លឹង មានតម្លៃស្មើ ៤.៥០០ $ (បួនពាន់ប្រាំរយដុល្លារ) និងទូរស័ព្ទ iPhone 6 ពណ៌ប្រាក់ ប្រើប្រាស់ស៊ីមកាតប្រព័ន្ធ Metfone , ទូរស័ព្ទ iPhone 6Plus ពណ៌ប្រាក់ ប្រើប្រាស់ស៊ីមកាតប្រព័ន្ធ SMART ។

ជនសង្ស័យដែលនគរបាលយុត្តិធម៌ស្រុកមេមត់ ឃាត់ខ្លួននៅចំណុចខាងលើរួចនាំខ្លួន មកអធិការដ្ឋាននគរបាលស្រុកមេមត់នោះ មានឈ្មោះ ឆាយ ស៊ីវហ័រ ភេទប្រុស ឆ្នាំកំណើត ១៩៨៣ មានទីលំនៅភូមិដារផ្សារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូឃ្មុំ ដោយដកហូតបានវត្ថុតាងកាបូបមួយ មានសម្ភារៈពេញណែន ។ បន្ទាប់ពីបញ្ជូនខ្លួននិងវត្ថុតាង មកដល់អធិការដ្ឋាននគរបាលស្រុកមេមត់ ជំនាញយើងបានឆែកឆេរកាបូបនោះ ឃើញមាន ប្រាក់រៀលចំនួន ១៣០.០០០៛ (ដប់បីម៉ឺនរៀលគត់) . ប្រាក់ដុល្លារ ៥.២០០$ (ប្រាំពាន់ពីររយដុល្លា) និងទូរស័ព្ទ iPhone 6 ពណ៌ប្រាក់ ប្រើប្រាស់ស៊ីមកាតប្រព័ន្ធ Metfone , ទូរស័ព្ទ iPhone 6Plus ពណ៌ប្រាក់ ប្រើប្រាស់ស៊ីមកាតប្រព័ន្ធ SMART

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង រួចបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តត្បូងឃ្មុំ ចាត់ការតាមនីតិវិធីច្បាប់ ។ វត្ថុតាងតាងកាបូប ព្រមទាំងទ្រព្យសម្បត្តិដែលនគរបាលយើង បានឆែកឆេររកឃើញ និងដកហូតពីជនសង្ស័យនោះ (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់) បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ៕

អត្ថបទដែលជាប់ទាក់ទង