ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តសៀមរាបទទួលបាន​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិប្រមាណជាង៣៣ម៉ឺននាក់ កើនឡើងប្រមាណ១៨,៥៨ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧

51

សៀមរាប៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបញ្ជាក់ថា នៅក្នុងឱកាសព្រះរាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាបទទួលបាន​ភ្ញៀវ​ទេស​ជាតិ និងអន្តរជាតិប្រមាណជាង៣៣ម៉ឺននាក់ កើនឡើងប្រមាណ១៨,៥៨ភាគរយ បើធៀបនឹង​ឆ្នាំ២០១៧ ក្នុងនោះ ភ្ញៀវទេសចរជាតិប្រមាណជាង២៩ម៉ឺននាក់ កើនឡើង​១៩,០៦ភាគរយ និងភ្ញៀងអន្តរជាតិប្រមាណជាង៣ម៉ឺននាក់ កើនឡើង២,៩៩ភាគរយ។ លោកបានលើកឡើងបែបនេះខណៈជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ កាលពីថ្ងៃ២៣ វិច្ឆិកា ឆ្នាំនេះថា៖ ភ្ញៀវទេសចរទំាងនេះបានទៅទស្សនាការប្រណំាងទូកនៅតាមបណ្តោយ​ស្ទឹង​សៀមរាប និងទៅកម្សាន្តនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប។
លោកបន្ដថា៖ ចំពោះថ្លៃម្ហូបអាហារគឺមានការឡើងថ្លៃតិចតួចដែរ ប៉ុន្តែ​សម្រាប់បន្ទប់ស្នាក់នៅគឺអត់មានការខ្វះខាតទេ ដោយសារភ្ញៀវទេសចរដែល មកទស្សនា ខេត្តសៀមរាប នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលភាគច្រើនជាភ្ញៀវជាតិ ហើយមានអ្នកខ្លះទៅស្នាក់នៅផ្ទះបងប្អូន។ ចំពោះ ការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈបានប្រព្រឹត្តទៅក្នុងលក្ខខណ្ឌ​ល្អ ប្រសើរ ដោយគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ប្លន់ និង​បាតុភាព គួរឱ្យកត់សម្គាល់ឡើយ។

ជាមួយគ្នានេះដែរ សម្រាប់ស្ថានភាពអនាម័យ បរិស្ថាន ក៏មានសភាពល្អប្រសើរលើស ពីពេល​មុនៗ ដោយនៅទីសាធារណៈ និងជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយ​ស្ទឹង​សៀមរាបមានការថយចុះនូវការបោះចោលសំរាមនិងកាកសំណល់ផ្សេងៗពីបងប្អូនប្រជាពលរដ្ឋអ្នកទេសចរដោយសារពួកគាត់មានការយល់ដឹងពីផលប្រយោជន៍នៃការថែរក្សាបរិស្ថាន អនាម័យច្រើនជាងមុន។
លោក ឃឹម ប៊ុនសុង បានបន្ថែមទៀតថា៖ ការរៀបចំព្រះរាជពិធីបុណ្យអុំ​ទូក​បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកគឺបានរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់របស់​ខ្មែរ ក៏ដូចជាផ្តល់ឱកាសមួយដល់ប្រជាពលរដ្ឋខ្មែរ​បានជួបជុំគ្នាសប្បាយជាពិសេស​គឺចង់​បង្ហាញ​ឱ្យភ្ញៀវទេសចរអន្តរជាតិបានឃើញ​និងឈ្វេងយល់អំពីវប្បធម៌ខ្មែរផងដែរ។​ ភ្ញៀវទេសចរសម្រុកមកទស្សនាខេត្ត​សៀមរាបច្រើន ដោយសារ​តែខេត្តសៀមរាបមានរមណីដ្ឋានកម្សាន្តច្រើន ហើយខេត្ដក៏មានរៀបចំប្រណំាងទូក បណ្តែត​ប្រទីប និងសំពះព្រះខែ អកអំបុក ដូចនៅរាជធានីភ្នំពេញដែរ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង