ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីទេសចរណ៍ និយាយពីរឿងជនជាតិចិន នៅខេត្តព្រះសីហនុ

97


ភ្នំពេញៈ លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក បានសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះករណីជនជាតិចិន លើកស្លាកយីហោ នៅខេត្តព្រះសីហនុ ដែលសរសេរអក្សរខ្មែរមិនត្រូវ ឬប្រើពាក្យខ្មែរមិនត្រូវ ហើយត្រូវបានមហាជនថតបង្ហោះនៅ លើបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ រយៈពេលចុងក្រោយនេះ ។

តាមរយៈសិក្ខាសាលាបូកសរុបការងារ ប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡងប្រណាំងសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅ​ព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ លោក
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន បានថ្លែងថា “ប៉ុន្តែយើងគិតឃើញថា អ្វីៗកំពុងតែដំណើរការទៅមុខ ទៅខាងមុខហ្នឹង គឺវាមិនថ្លៃពេកទេ ព្រោះឥឡូវហ្នឹង ដូចដែលខ្ញុំបានប្រាប់ បាត់១.៤០០បន្ទប់ គឺដោយសារតែគេប្លុកអាហ្នឹង យកទៅជួលភ្ញៀវរបស់គេដាច់ដោយឡែក ។ ចឹងយើងខិតខំធ្វើសណ្ឋាគារ ឲ្យបានច្រើនថែមទៀត នៅពេលដែលមានសណ្ឋាគារច្រើន ទៅតម្លៃវាអត់សូវមានបញ្ហា ដូចនៅសៀមរាប មិនដែលចោទជាបញ្ហាទេ ដោយសារអី ដោយសារ សណ្ឋាគារនៅសៀមរាបមានសណ្ឋាគារច្រើន។ ដូច្នេះនៅក្រុងកំពង់សោម មានភ្ញៀវកាន់តែច្រើន ទើបសណ្ឋាគាររត់មិនទាន់ ហើយកាលណាការផ្គត់ផ្គង់ និងតម្រូវការមិនមានការស៊ីសង្វាក់គ្នា ក៏អាចទៅដល់ការឡើងថ្លៃបានដែរ”។

លោក ថោង ខុន បានធ្វើការបកស្រាយថា ការឡើងថ្លៃដោយសារតែសណ្ឋាគារនៅព្រះសីហនុ មានចំនួនតិច ហើយនៅឆ្នាំ២០១៩ខាងមុខ ដើម្បីបំពេញតម្រូវការពលរដ្ឋទៅលេង នឹងបន្តការសាងសង់បន្ថែមទៀត ជាលក្ខណៈផ្កាយ៤ ផ្កាយ៥ផងដែរ។

រដ្ឋមន្រ្តីបានលើកសរសើរថា ក្រុងព្រះសីហនុកំពុងស្ថិត នៅក្នុងដំណើរការអភិវឌ្ឍយ៉ាងល្អ ដោយបានផ្តល់ចំណូលដល់ពលរដ្ឋ។ ក្នុងនោះសណ្ឋាគារមាន៨៨កន្លែង គិតជាបន្ទប់មាន១.៤០០បន្ទប់ ត្រូវបានជួលឲ្យគេហើយ ដើម្បីដាក់ភ្ញៀវអន្តរជាតិជាពិសេស គឺជនជាតិចិន។

លោកថា ដោយឡែកមានពលរដ្ឋខ្មែរបានរអ៊ូរទាំថា ខ្វះសណ្ឋាគារនិងផ្ទះសំណាក់ ក្នុងការស្នាក់ជាដើមនោះ មិនមែនជាបញ្ហាចោទទេ ព្រោះមានសណ្ឋាគារនិងផ្ទះសំណាក់ថ្មីៗ បានសាងសង់ឡើងជាបន្តបន្ទាប់ ដែលនឹងចេញជារូបរាងនៅឆ្នាំ២០១៩ ខាងមុខជាង២ពាន់បន្ទប់ទៀត។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍សង្កត់ធ្ងន់ថា ក្រសួងបាននិងកំពុង ជំរុញការវិនិយោគឲ្យបានតែច្រើនបន្ថែមទៀត ហើយកាលណាមានការវិនិយោគកាន់តែច្រើន គឺធ្វើកម្ពុជាមានការចំណេញជាច្រើនរួមមាន ចំណេញការងារឲ្យពលរដ្ឋខ្មែរ ចំណេញបានទទួលចំណូលចូលរដ្ឋ និងចំណេញបច្ចេកទេសជាដើម។ លោកបានលើកឡើង ទាក់ទងនឹងស្លាកយីហោរបស់ជនបរទេស នៅក្រុងកំពង់សោមថា ប៉ុន្មានថ្ងៃមកនេះ មានព័ត៌មានផ្សព្វផ្សាយផុសផុលថា អំពីស្លាកសញ្ញា ឬយីហោ នៅតាមហាងនានា ដែលលើកឡើងខុសពីប្រក្រតី ប៉ុន្តែក្រសួងក៏បានណែនាំ ឲ្យសរសេរអក្សរជាតិជាចាំបាច់ គឺជាអក្សរខ្មែរនៅពីលើ និងអក្សរអង់គ្លេសនៅពីក្រោម ដោយអក្សរអង់គ្លេស ត្រូវតូចជាងអក្សរខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង