វិទ្យុនៅតែដើរតួនាទីសំខាន់ផ្សព្វផ្សាយសំឡេង និងជាប្រភពព័ត៌មានដែលគួរឱ្យទុកចិត្ត ទោះស្ថិតក្នុងបរិបទរីកចម្រើនបច្ចេកវិទ្យាឌីជីថល
ភ្នំពេញ៖ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ វិទ្យុក៏នៅដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសំឡេង, វិទ្យុជាឧបករណ៍បញ្ជូនសំឡេងមួយដែល នៅតែមានតម្លៃ ហើយវិទ្យុនៅតែជាប្រភពព័ត៌មានមួយដែលគួរឱ្យទុកចិត្ត ហើយជារបៀបកម្សាន្តសប្បាយ ទោះបីក្នុងក្របខណ្ឌបច្ចុប្បន្នបច្ចេកវិទ្យាទំនើប មានការរីកចម្រើន ក៏ប៉ុន្តែ ប្រជាជនមិនបោះបង់ ចោលការស្តាប់វិទ្យុនោះទេ នៅពេលធ្វើដំណើរតាមឡានក៏បើកវិទ្យុស្តាប់ ហើយប្រជាជននៅតាមទីជនបទកំពុងធ្វើស្រែ ចម្ការ ក៏នៅតែបើកវិទ្យុស្តាប់កម្សាន្ត និងទទួលបានដំណឹង ព័ត៌មានថ្មីៗដែលកើតមានឡើង។
ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៃការប្រារព្ធ ទិវាវិទ្យុពិភពលោកឆ្នាំ២០២៥ នៅេសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធក្នុងវិស័យវិទ្យុ រាប់បញ្ចូលទាំង ថ្នាក់ ដឹកនាំក្រសួងព័ត៌មាន ឥស្សរជននិងអ្នកមានបទពិសោធក្នុងការងារគ្រប់គ្រង និងផ្សព្វផ្សាយវិទ្យុ នៅកម្ពុជា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា (RNK) មន្ទីរព័ត៌មានរាជធានី-ខេត្ត សមាគមវិទ្យុកម្ពុជា តំណាងស្ថានីយវិទ្យុទាំងអស់នៅកម្ពុជា អ្នកសារព័ត៌មាន តំណាងវិស័យឯកជន និងនិស្សិតពីបីសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ សរុបប្រមាណ ៣០០នាក់។
ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា៖ «តួនាទីរបស់វិទ្យុមានសារៈសំខាន់ណាស់ នៅពេលប្រព័ន្ធផ្សព្វផ្សាយ Internet អត់ទាន់ដើរ ហើយកាលពីជំនាន់នោះប្រព័ន្ធផ្សព្វផ្សាយពិសេសវិទ្យុ ជាផ្នែកមួយក្នុងការបំពងសំឡេង និងពង្រីកសម្លេងរបស់យើងឱ្យបានធំ។ ការប្រើប្រាស់វិទ្យុ គឺជាមធ្យោបាយមួយបានគ្របដណ្តប់ទៅលើសំឡេងច្រើន។ ដូច្នេះការ ប្រារព្ធទិវាវិទ្យុពិភពលោកនេះឡើង ដើម្បីបង្ហាញអោយឃើញពីសារប្រយោជន៍នៃវិទ្យុ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ វិទ្យុក៏នៅដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយសម្លេង, វិទ្យុជាឧបករណ៍បញ្ជូនសំឡេងមួយដែលនៅតែមានតម្លៃ , វិទ្យុទោះនៅក្នុងកាលៈទេសៈណាក៏ដោយគឺនៅតែជាប្រភពព័ត៌មានមួយដែលគួរឱ្យទុកចិត្ត ហើយជារបៀបកម្សាន្ត»។
ជាមួយគ្នានេះដែរឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការរម្លឹកឡើងវិញកាលពីអតីតកាល មន្ត្រីនៃវិទ្យុជាតិកម្ពុជា គឺបានលៈបង់ តស៊ូធ្វើកិច្ចការងារតាំងពីនៅវ័យក្មេង រហូត ដល់វ័យចាស់ចូលនិវត្តន៍ បើយើងមើលឱ្យឆ្ងាយ វិទ្យុគ្រាន់តែជាមធ្យោបាយផ្សព្វផ្សាយសំឡេង ក៏ប៉ុន្តែវិទ្យុជាកន្លែងបណ្តុំគ្រួសារ វិទ្យុជាកន្លែងមួយដែលផ្តល់នូវការងារ វិទ្យុជាកន្លែងមួយដែលអ្នកស្នេហាជាតិ មានសំឡេងល្អ មានទឹកដៃល្អក្នុងការសរសេរអត្ថបទ មានជំនាញក៏អាចចូលរួមជាមួយរដ្ឋាភិបាល ក្នុងការចូលរួមរំដោះប្រទេសជាតិផងដែរ។ អាចនិយាយបានថា អ្នកធ្វើការងារនៅវិទ្យុក្នុងអតីតកាលដែលប្រទេសកម្ពុជាឆ្លងកាត់ភ្លើងសង្រ្គាម ហើយមិនទាន់មានបច្ចេកវិទ្យាទំនើប វិទ្យុនេះ គឺជាទាហានសតិអារម្មណ៍មួយ ដែលបានចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល កម្លាំងកងទ័ព ក្នុងការរំដោះប្រទេស។ នេះជាមោទនភាពមួយសម្រាប់មន្ត្រីវិទ្យុទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការងារនៅក្នុងដំណាក់កាលដែលកម្ពុជាជួបលំបាក ក្នុងដំណាក់កាលប្រឈមមុខការគំរាមកំហែង ពីរបបប្រល័យពូជសាសន៍ ឬការវិលត្រឡប់មកវិញ នៃរបបខ្មែរក្រហមសំលាប់មនុស្ស។
ឯកឧត្ដមរដ្ឋមន្ត្រី បានបន្ថែមថា វិទ្យុដើរតួនាទីក្នុងការអំពាវនាវទៅលើជនវង្វេងផ្លូវ ដែលជាកម្មវិធីវិទ្យុមួយ ក្នុងការចូលរួមចំណែកលើការកាត់បន្ថយកំលាំងរបស់ក្រុមជនវង្វេងផ្លូវ ។ វិទ្យុចូលរួមចំណែកក្នុងការផ្តល់ការកម្សាន្ត ដោយនៅអតីតកាលគឺគ្មាន Concert ហើយក៏មិនសូវមានទូរទស្សន៍មើលច្រើនគ្រប់ផ្ទះនោះដែរ តែតាមរយៈមន្ទីរឃោសនាការនៅតាមស្រុកដែលមាន វិទ្យុបណ្តាញ គឺនៅពេលល្ងាចថ្ងៃសុក្រ ឬថ្ងៃសៅរ៍ គឺមានកម្មវិធីសិល្បៈកម្សាន្តដល់ប្រជាជន។ ដូច្នេះហើយតាំងពីដើមមកដល់បច្ចុប្បន្ន តួនាទី និងគុណតម្លៃដ៏សំខាន់របស់វិទ្យុ ជាពិសេសវិទ្យុជាតិកម្ពុជា ដែលជាប្រព័ន្ធផ្សព្វផ្សាយបុរាណមួយប្រភេទមានអាយុកាលជាង ៤ទសវត្សរ៍ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង ថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើន និងសេរីភាពពេញលេញដូចនាពេល បច្ចុប្បន្ន។
នៅក្នុងឱកាសនេះដែរ ឯកឧត្ដមទន់ សាវ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអតីតអគ្គនាយកវិទ្យុជាតិកម្ពុជា បានធ្វើបទបង្ហាញ «ប្រវិត្តសង្ខេបការវិវត្ត និងតួនាទីរបស់វិទ្យុក្នុងការរំដោះ និងការបង្រួបបង្រួមជាតិកម្ពុជា», លោកជំទាវឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា បានធ្វើបទបង្ហាញ «ស្ថានភាពវិទ្យុនៅកម្ពុជា និងតួនាទីរបស់វិទ្យុក្នុងការលើកកម្ពស់ការយល់ដឹងសហគមន៍ ពីការពីបម្រែបម្រួលអាកាសធាតុ និងការប្រឆាំងព័ត៌មានក្លែងក្លាយ», លោកជំទាវ រស់ កណ្តាវី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអតីតមន្ត្រីនៃវិទ្យុជាតិកម្ពុជា កាលពីឆ្នាំ១៩៧៩ ក៏បានចែករំលែកបទពិសោធន៍ពីការងារវិទ្យុរយៈពេលជាង ៤០ឆ្នាំមកនេះ ហើយជាមួយគ្នានេះដែរ មន្ត្រីជើងចាស់ដែលមានបទពិសោធន៍ និងជំនាញខាងវិទ្យុ ក៏បានលើកបង្ហាញពីប្រវត្តិការងារដែលបានឆ្លងកាត់តាំងពីគ្រាដែលប្រទេសជាតិជួបការលំបាក រហូតដល់មានសុខសន្តិភាព និងភាពរីកចម្រើននាពេលបច្ចុប្បន្ននេះ៕