ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល

60


ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ កិច្ច ពិសេសរ៉ូយ៉ាល់ គ្រុប ភ្នំពេញ។
រោងចក្រកាត់ដេរម៉ាវ៉ល ជារោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាដ៏ធំមួយនៅកម្ពុជា បើកដំណើរការកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០។ រោងចក្រនេះមានចំនួន៣៣អគារ ហើយកាត់ដេរសម្លៀកបំពាក់ និងខោអាវកីឡាម៉ាកល្បីៗមានដូចជា NIKE PUMA LULULEMON RALPH LAUREN និង ADIDAS ជាដើម។ សម្លៀកបំពាក់ និងខោអាវកីឡា ដែលផលិតពីរោងចក្រនេះ ត្រូវបាននាំចេញទៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុបជាដើម។
បច្ចុប្បន្នរោងចក្រនេះ មានកម្មករនិយោជិតប្រមាណជា ១៨,៧៤៤នាក់ ស្ត្រី ១៧,៥៩៧នាក់។ កម្មការិនីមានផ្ទៃពោះលើស៣ខែមានចំនួន ១,០៤២នាក់ និងមានទារក និងកុមារអាយុលើសពី ៣-៣៦ខែមានចំនួន ១,០៩២នាក់។
កម្មករ និយោជិត ទទួលបានប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារអាមេរិក, ប្រាក់ឈ្នួលខ្ពស់បំផុត ៧០០ដុល្លារ, ប្រាក់ឈ្នួលមធ្យម ៤៣០ដុល្លារ និងប្រាក់ឈ្នួលទាបបំផុត ២៥៤ដុល្លារ។ បន្ថែមពីលើនេះ កម្មករ និយោជិត ក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗ ដូចជាប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១៦ដុល្លារ, ប្រាក់សោហ៊ុយធ្វើដំណើរចំនួន ១៩ដុល្លារ, ប្រាក់រង្វាន់អតីតភាពការងារពី ២ដុល្លារ ទៅ១១ដុល្លារក្នុងមួយខែ, ឧបត្ថម្ភប្រាក់ចំនួន ៥ដុល្លារក្នុងមួយខែក្នុងទារកម្នាក់ រហូតដល់អាយុ ៣៦ខែ (សម្រាប់អ្នកដែលមិនយកកូនមកដាក់ក្នុងទារកដ្ឋាន)។
អគារទារកដ្ឋានរបស់រោងចក្រម៉ាវ៉ល ត្រូវបានរៀបចំដោយមានទំហំផ្ទៃក្រឡាសមស្រប ដែលជាមូលដ្ឋានសម្រាប់ការធ្វើចលនារបស់ទារក និងកុមារចេះដើរតេះតះ។ អគារទារកដ្ឋាននេះ អាដាក់ទារក និងកុមារចំនួនប្រមាណ ៩០០នាក់។
អគារទារកដ្ឋាននេះ មានកន្លែងផ្តល់ព័ត៌មាន និងការិយាល័យ, បន្ទប់បំប៉ៅកូន, បន្ទប់កម្តៅអាហារ, បន្ទប់បោកគក់, បន្ទប់សកម្មភាព និងសិក្សា, បន្ទប់គេងទារក និងបន្ទប់ទឹកជាដើម។
អគារទារកដ្ឋានរោងចក្រម៉ាវ៉ល ត្រូវបានរៀបចំបង្កើតឡើងស្ថិតនៅចម្ងាយសុវត្ថិភាពពីប្រភពគ្រោះថ្នាក់ដូចជាសំឡេងលាន់ខ្លាំង ឃ្លាំងស្តុកសារធាតុគីមី ឬសារធាតុងាយផ្ទុះ ឆាបឆេះ ទីតាំងដាក់កាកសំណល់ និងប្រភពគ្រោះថ្នាក់ផ្សេងៗទៀត។
នៅក្នុងទារកដ្ឋានបានបំពាក់សម្ភារៈ បរិក្ខារ និងរៀបចំជាពិសេស ដើម្បីធានាសុវត្ថិភាព និងសុខភាពដល់ទារក កុមារ និងបុគ្គលិកទារកដ្ឋានមានដូចជា៖ បំពាក់សំណាញ់នៅតាមបង្អួចទាំងអស់ ដើម្បីការពារសត្វមូស ឬសត្វល្អិតចូលក្នុងទារកដ្ឋាន និងមានទំហំបង្អួចសមស្រប និងបំពាក់ប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់ ដែលធ្វើឱ្យមានលំហូរខ្យល់ចេញចូលគ្រប់គ្រាន់ក្នុងអគារទាំងមូល, បំពាក់អំពូលបំភ្លឺ ដែលមានកម្រិតពន្លឺ និងការបំភ្លឺ ស្របតាមបទដ្ឋានកម្រិតពន្លឺ និងការបំភ្លឺនៅតាមបន្ទប់នីមួយៗ, បំពាក់ប្រអប់សង្គ្រោះបឋម បំពង់ពន្លត់អគ្គិភ័យ ឧបករណ៍ចាប់ផ្សែង កណ្តឹងអាសន្ន ច្រកទ្វារអាសន្ន ប្រព័ន្ធកាំមេរ៉ាសុវត្ថិភាពនៅតាមបន្ទប់សំខាន់ៗ និងបំពាក់កង្ហារនៅតាមបន្ទប់នីមួយៗ, ផ្ទៃកញ្ចក់នៅតាមទ្វារ និងបង្អួច គឺជាប្រភេទកញ្ចក់ស្ងោរស្វិត និងរឹងមាំល្អ ដើម្បីការពារការប្រេះបែក ឬខូចករណីកុមារវាយ ឬគប់របស់លេងចំ, ក្រាលកម្រាលស្នោរក្រាស់នៅបន្ទប់សកម្មភាព ជញ្ជាំង បន្ទប់គេងទារក និងបន្ទប់គេងកុមារតេះតះ ដើម្បីការពារកុមារពីការប៉ះទង្គិចក្បាល និងដួល៕

អត្ថបទដែលជាប់ទាក់ទង