គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ នៅកម្ពុជាមានអង្គភាពសារព័ត៌មានជាតិ និងបរទេសចំនួន ១,៦២០អង្គភាព កំពុងដំណើរការផ្សាយ
ភ្នំពេញ៖ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា បានរីកចម្រើនឡើង ជាពិសេសក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ ប្រកបដោយភាពចម្រុះ ទាំងបែបប្រពៃណី និងទំនើបគ្រប់ទម្រង់នឹងទស្សនៈ ក្នុងការផ្តល់ព័ត៌មានទៅកាន់ប្រជាពលរដ្ឋនៅគ្រប់ច្រកល្ហក និងគ្រប់ពេលវេលា។
ចំណែកឯការអនុវត្តសិទ្ធិ និងសេរីភាពខាងសារព័ត៌មាន ក៏បានរីកធំធាត់ជាលំដាប់ដោយសារការផ្តល់តម្លៃខ្ពស់ដល់វិស័យព័ត៌មាន និងការបើកទូលាយនូវសិទ្ធិសេរីភាពសារព័ត៌មាន ពីសំណាក់រាជរដ្ឋាភិបាលទាំងក្នុងអាណត្តិទី៧នេះ និងក្នុងអាណត្តិមុនៗ ដោយឈរលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា។
ក្នុងបរិការណ៍នៃការអភិវឌ្ឍបច្ចុប្បន្ន អ្នកសារព័ត៌មាន និងអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ មានមធ្យោបាយច្រើនបែបក្នុងការផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មាន ជាពិសេសដោយការវិវិត្តដ៏ឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល នៅលើសកលលោកបានជ្រាបចូលដល់គ្រប់មជ្ឈដ្ឋានក្នុងសង្គមកម្ពុជា។
កម្ពុជាបានមកដល់ចំណុចរបត់នៃយុគសម័យឌីជីថល ដែលចាំបាច់ត្រូវធានាតុល្យភាពនៃការអភិរក្ស និងអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់ យុគសម័យឌីជីថល ដែលចាំបាច់ត្រូវធានាតុល្យភាពនៃការអភិរក្ស តួនាទីសារព័ត៌មានក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដោយអនុលោមតាមនិយាមប្រតិបត្តិ និងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីធានាសន្តិសុខព័ត៌មាន។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានក្រសួងព័ត៌មានជាសេនាធិការ មានសមត្ថកិច្ចដឹកនាំផងគ្រប់គ្រងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា បន្តប្តេជ្ញាចិត្តលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិសេរីភាពក្នុងការបោះពុម្ពផ្សាយ សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ស្របតាមការវិវត្ត និងតម្រូវការក្នុងសង្គម។
ជាមួយគ្នានេះដែរ ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយចំនួន១ ៦២០ អង្គភាពរួមមាន៖
ប្រព័ន្ធផ្សព្វផ្សាយទំនើប៖ គេហទំព័រសារព័ត៌មានអនឡាញចំនួន៨៣៩ អង្គភាព, ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ, ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព, ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន១២ ស្ថានីយ និងទូរទស្សន៍ផ្កាយរណបចំនួន៣ ស្ថានីយ។
ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី៖ កាសែតចំនួន១២៥ អង្គភាព, សមាគមសារព័ត៌មានចំនួន២៦ អង្គភាព, ទស្សនាវដ្តីចំនួន៦ អង្គភាព, ព្រឹត្តិបត្រចំនួន១២ អង្គភាព, ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ចំនួន១៨ អង្គភាព, រោងពុម្ពចំនួន៨៩, សៀវភៅចំនួន២២ អង្គភាព, ភ្នាក់ងារផ្សាយពាណិជ្ជកម្មចំនួន៣ ក្រុមហ៊ុន, វិទ្យុអ៊ែហ្វអ៉ឹមចំនួន២៨០ ស្ថានីយ និងវិទ្យុអាអ៉ឹមចំនួន១ ស្ថានីយ, ទូរទស្សន៍អាណាឡូកផ្សាយផ្ទាល់មាន១៦ ស្ថានីយ, ទូរទស្សន៍ផ្សាយបន្តចំនួន១០១ ស្ថានីយ និងទូរទស្សន៍ខ្សែកាបចំនួន៤៦ ស្ថានីយ។
តាមរយៈសាររបស់ឯកឧត្ដមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ដំណើរវិវត្តនៃវិស័យព័ត៌មាន និងសោតទស្សន៍ សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាយតម្លៃថាមានលក្ខណៈល្អប្រសើរក្នុងឆ្នាំកន្លងទៅ ស្របតាមចក្ខុវិស័យដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលអ្នកផ្សំនឹងការដាក់ចេញនូវគោលដៅ និងផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ ដែលបានឆ្លើយតបចំទិសដៅក្នុងក្របខណ្ឌនៃកំណែទម្រង់។
ក្នុងនោះការសម្រេចបាននូវលទ្ធផលសំខាន់ៗ ដែលបានស្តែងចេញពីការអនុវត្តយុទ្ធសាស្ត្រ ទំនើបកម្មស្ថាប័ន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន បានញ៉ាំងឱ្យវិស័យនេះកាន់តែមានភាពប្រសើរឡើងថែមមួយកម្រិតទៀត ប្រកបដោយភាពចម្រុះ គុណភាព ភាពធន់ រស់រវើកទាន់សម័យកាល និងសណ្តាប់ធ្នាប់សារព័ត៌មានល្អ ជាពិសេសតាមរយៈការជំរុញការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើកកម្ពស់គុណភាពមាតិកា ខ្លឹមសារការផលិត និងការប្រតិបត្តិ តួនាទី និងភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៥, អ្នកសារព័ត៌មានចំនួន ៨១,៤% ក្នុងចំណោមអ្នកស្ទង់មតិសរុបចំនួន ៤៦៧នាក់ តំណាងអ្នកសារព័ត៌មានទូទាំងប្រទេសដែលបានចូលរួមបានវាយតម្លៃថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា មានភាពល្អប្រសើរ ក្នុងនោះ ៧២,២% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានស្ថានភាពល្អ ខណៈ ៩,២% បានឆ្លើយថាសេរីភាពសារព័ត៌មាន មានស្ថានភាពល្អបំផុត»៕