អភិបាលខណ្ឌច្បារអំពៅ កោតសសើរនិងលើកទឹកចិត្តដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ក្នុងការបំពេញការងារកន្លងមក ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ
ភ្នំពេញ ៖ លោកសូមសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ដែលកន្លងមក បានខិតខំបំពេញការងារយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។
នេះ ជាការលើកឡើងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក្នុងឱកាសដែលលោកអភិបាលខណ្ឌជួបសំណេះសំណាល និងបានឧបត្ថម្ភជាអង្ករ និងថវិការដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចំនួន៥០នាក់ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណសាលាខណ្ឌ ។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានដាស់តឿនក្រើន រំលឹក ដល់កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៍ វិន័យ មានសាមគ្គីភាពផ្ទៃក្នុងល្អ អនុវត្តឲ្យខាងតែបាននូវតួនាទីភារៈកិច្ចរបស់យើង គឺទន់ភ្លន់ តែមិនទន់ជ្រាយត្រូវតែម៉ឺងម៉ាត់ ។ មួយវិញទៀត កុំឈ្លោះទាស់ទែងគ្នា វាមិនល្អទេ ធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ។ លោកអភិបាលបន្តថា៖និយាយជារួមត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យល្អ និងអនុវត្តតាមការណែនាំរបស់អង្គភាព ។ ចំនុចសំខាន់មួយទៀត ពេលចុះអនុវត្តការងារត្រូវរក្សាអោយបាននូវសេចក្តីថ្លៃថ្នូ កុំប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យទៅលើ ប្រជាពលរដ្ឋ ជាពិសេសពេលចុះរៀបចំសណ្តាប់ធ្នាប់ តាមផ្លូវសាធារណៈតែងតែមានការប៉ះទង្គិចជាមួយមហាជន ៕