ព្រះមហាក្សត្រ ប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាស ទិវាគុណអ្នកម្តាយ ១២ឧសភា
ភ្នំពេញ៖សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។
ព្រះរាជសាររបស់ព្រះអង្គមានខ្លឹមសារដូចតទៅ៖
«នៅក្នុងឱកាសនៃទិវាគុណអ្នកម្តាយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាងជ្រាលជ្រៅ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត។
ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល មិនមានអ្វីអាចប្រៀបផ្ទឹមបាននៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប។ អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណអ្នកម្តាយគ្រប់ប្រាព ជាបុព្វទេវា។
អ្នកម្តាយមានតួនាទីស្នូលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជវង្សានុវង្ស អ្នកម្នាង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ចៅៗ បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ និងព្រះមេត្តាទទួលនូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតអំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ»៕