ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទិវាជាតិនៃការចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ឧសភា២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក

29

ភ្នំពេញ៖ទិវាជាតិនៃការចងចាំត្រូវបានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស ដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ប៉ុក ពតដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។សំរាប់រាជធានីភ្នំពេញ ទិវាជាតិនៃការចងចាំឆ្នាំនេះនឹងធ្វើឱ្យធំជាងឆ្នាំកន្លងទៅ នៅថ្ងៃ២០ឧសភា២០២៥ខាងមុខនេះ ដោយត្រូវរៀបចំជាកម្រិតថ្នាក់ជាតិ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ។
នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយត្រៀមរៀបចំទិវាជាតិនៃការចងចាំក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ឧសភានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ របបប្រល័យពូជសាសន៍ប៉ុល ពតបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសរីកចំរើន ជឿនលឿនទៅជាប្រទេសគ្មានអ្វីទាំងអស់។យើងតែងប្រារព្វទិវាចងចាំនេះជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេស គឺដើម្បីរំលឹកពីរបបដែលមិនអាចបំភ្លេចបាននូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៏ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជាអស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជាអស់ជាង៣លាននាក់។
ឯកឧត្តម ឃួង ស្រេងបានបន្តថា៖ ទិវាជាតិនៃការចងចាំឆ្នាំនេះយើងត្រូវរៀបចំឡើង ក្នុងកម្រិតថ្នាក់ជាតិ ដោយត្រូវគិតគូពីការផ្សាយផ្ទាល់ពីក្រុមព័ត៌មាន ចំពោះខ្លឹមសារក៏ត្រូវធ្វើឱ្យគ្រប់ជ្រុងជ្រោយ ជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះថ្នាក់ជាតិចូលរួមជាអធិបតី មិនដូចរាល់ឆ្នាំ ដែលរដ្ឋបាលរាជធានីភ្នំពេញជាអ្នករៀបចំនោះទេ។ សំរាប់រដ្ឋបាលរាជធានីភ្នំពេញទទួលខុសត្រូវក្នុងការរក្សាសន្តិសុខនិងការរៀបចំប្រជាពលរដ្ឋមន្ត្រីរាជកាតចូលរួម។ ចំពោះខ្លឹមសារនៃការរៀបចំយ៉ាងណានោះ គឺថ្នាក់ជាតិជាអ្នករៀបចំ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ ការបង្កើតឱ្យមានកិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីប្រកាសឱ្យដឹងក្នុងការត្រៀមខ្លួនឱ្យបានរួចស្រេចក្នុងការចូលក្នុងការប្រារព្វទិវាចងចាំ២០ឧសភានេះ។ យើងនឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីរៀបចំ ដោយរដ្ឋបាលរាជធានីជាអ្នកចូលរួមដោយគិតពីចំណតរថយន្តផងដែរ ។
ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់
ការប្រារព្ធពិធីឆ្នាំនេះ ត្រូវធ្វើឡើងជាថ្នាក់ជាតិដូច្នេះមន្ទីរព័ត៌មាន ក៏ដូចជាមន្ទីរសាធារណការ ,មន្ទីរធម្មការនិងសាសនានិង មន្ទីរវប្បធម៌ជាដើមត្រូវត្រៀមរៀបចំការងាររបស់ខ្លួនឱ្យបានល្អ ដោយត្រូវរាយការណ៍ទៅក្រសួងរបស់ខ្លួន ជុំវិញការងារដែលត្រូវអនុវត្ត។ចំពោះខណ្ឌទាំង១៤ ត្រូវត្រៀមប្រជាពលរដ្ឋ ដែលត្រូវចូលរួមក្នុងទិវានេះ ជាមួយនឹងការពង្រឹងសន្តិសុខឲ្យបានល្អប្រសើរ។មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវដឹកនាំក្រុមការងារចុះទៅពិនិត្យដល់ទីតាំងនៅមជ្ឈមណ្ឌលជើងឯកនេះ ដោយមើលទាំងចំណតរថយន្ត សំអាតទីធ្លីឲ្យបានស្អាតដោយសហការជាមួយនឹងអាជ្ញាធរមូលដ្ឋានខណ្ឌដង្កោ៕

អត្ថបទដែលជាប់ទាក់ទង