ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាតាមទូរសព្ទជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី អបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (PAP)

18

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ដើម្បីអបអរសាទរជាមួយនឹងជោគជ័យរបស់គណបក្សសកម្មភាពប្រជាជន (People’s Action Party) ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។
នៅក្នុងជំនួបនេះ សម្តេចបវរធិបតី នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កំណើននៃចំនួនអាសនៈក្នុងសភា ក៏ដូចជាសំឡេងឆ្នោតគាំទ្រគណបក្ស PAP ដែលជាគណបក្សកាន់អំណាច បង្ហាញឲ្យឃើញច្បាស់នូវទំនុកចិត្តខ្ពស់របស់ប្រជាពលរដ្ឋសង្ហបុរី ចំពោះការដឹកនាំរបស់ លោក Lawrence Wong ជានាយករដ្ឋមន្ត្រី។
សម្តេចបានបញ្ជាក់បន្តថា៖ «ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការរបស់ខ្ញុំទៅកាន់ប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីឯកឧត្តមបានទទួលដំណែងជានាយករដ្ឋមន្ត្រី យើងទាំងពីរបានពិភាក្សាគ្នាជាច្រើន ក្នុងគោលដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនយើងទាំងពីរ»។
សម្តេចបានបន្តទៀតថា៖ «ឆ្នាំនេះគឺជាខួបទី ៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានិងសិង្ហបុរី។ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី យើងនឹងមានឱកាសធ្វើការរួមគ្នាដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអោយកាន់តែល្អប្រសើរបន្ថែមទៀត ដែលនឹងផ្តល់ ផលប្រយោជន៍រួមជូនប្រទេសនិងប្រជាជនយើងទាំងពីរ»។
សម្តេចបវរធិ បតី នឹងរង់ចាំស្វាគមន៍ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មកធ្វើទស្សនកិច្ចជាផ្លូវការនៅកម្ពុជា នាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង