ស្នើឱ្យពលរដ្ឋ៤គ្រួសារ រស់នៅអគារអតីតសណ្ឋាគារអង្គរមានជ័យចាកចេញជាបន្ទាន់ ដើម្បីសុវត្ថិភាព ព្រោះសភាពអគារទ្រុឌទ្រោមខ្លាំង
ភ្នំពេញ៖ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងស្នើឱ្យពលរដ្ឋ៤គ្រួសារសេសសល់ ដែលរស់នៅអគារអតីតសណ្ឋាគារអង្គរមានជ័យ ធ្វើការចាកចេញពីអគារជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាព ដោយសារសភាពអគារទ្រុឌទ្រោមខ្លាំង។
បើតាមខ្លឹមសារក្នុងសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ។ អគារនេះមានក្រឡាផ្ទៃបាតទំហំ សរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៦៥គ្រួសារ។
គិតត្រឹមខែមេសា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ៦១គ្រួសារ ស្មើនឹង ៩៤% បានទទួលយកដំណោះស្រាយក្រោមការសម្របសម្រួលរបស់ក្រសួង ដ.ន.ស. ហើយបានស្ម័គ្រចិត្តចាកចេញទៅរស់នៅទីតាំងថ្មី ដែលមានសុវត្ថិភាព សម្រាប់ក្រុមគ្រួសាររបស់ពួកគាត់។
ផ្នែកតាមលទ្ធផលនៃការចុះត្រួតពិនិត្យនិងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគារនេះរបស់មន្ទីរពិសោធន៍ជាតិសំណង់ ក្រសួងរៀបចំដែនដី បានពិនិត្យឃើញថា សំណង់អគារនេះមានសភាពចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹងនៃរចនាសម្ព័ន្ធគ្រឿងផ្លុំសំណង់ និងប្រឈមមុខនឹងការបាក់រលំជាយថាហេតុដោយមិនផ្តល់សញ្ញាណជាមុន ដែលអាចនឹង បង្កគ្រោះថ្នាក់ដល់អាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
ក្នុងន័យនេះ ផ្នែកតាមច្បាប់ស្តីពីសំណង់ឆ្នាំ២០១៩ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិត ការបាត់បង់ ទ្រព្យសម្បត្តិនិងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ដោយសារសំណង់អគារអតីតសណ្ឋាគារអង្គរមានជ័យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមធ្វើការណែនាំដូចខាងក្រោម៖
*ទី១៖ សូមបងប្អូនប្រជាពលរដ្ឋ ៤គ្រួសារ ដែលកំពុងស្នាក់នៅ ប្រើប្រាស់ និងប្រកបអាជីវកម្មក្នុងអគារនេះ ត្រូវបញ្ឈប់ការរស់នៅនិងការប្រកបអាជីវកម្មជាបន្ទាន់ និងត្រូវធ្វើការចាកចេញពីអគារនេះ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ជាមួយគ្នានេះ ក្រុមការងារក្រសួង ដ.ន.ស. នឹងបន្តសម្របសម្រួលដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលនៅសល់ចុងក្រោយ ចំនួន ៤គ្រួសារ
*ទី២៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ជាអាទិ៍ ហ៊ុំព័ន្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
*ទី៣៖ ក្រសួង ដ.ន. ស. នឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយ ចំនួន ៤គ្រួសារ ខាងលើ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យមាន ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់៕