អដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner តម្កល់ទុក នៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប
សៀមរាប៖ ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចចៅហ្វាវាំងរវវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល បានទទួល និងដង្ហែអដ្ឋិធាតុ ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មកតម្កល់ទុក នៅចេតិយមុខមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។
មរណភាពរបស់ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត BEAT RICHNER គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវធនធានមនុស្ស ដ៏សំខាន់មួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្ទើរពេញមួយជីវិត លើការងារមនុស្សធម៌ សម្រាប់ប្រជាជនកម្ពុជា តាមរយៈការបង្កើតមន្ទីរពេទ្យគន្ធបុប្ផា និងផ្តល់សេវាព្យាបាលដោយពុំគិតថ្លៃសម្រាប់កុមារ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាល ក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ផ្អែកតាមបណ្ដាំចុងក្រោយរបស់ឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតនាយកស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា អដ្ឋិធាតុឯកឧត្ដមវេជ្ជបណ្ឌិត នឹងត្រូវបញ្ជូនពីប្រទេសស្វីស មកតម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ហើយបើតាមការគ្រោងទុក អដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត នឹងត្រូវបញ្ជូនមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយដង្ហែឆ្លងកាត់តាមផ្លូវជាតិលេខ០៦ បន្តមកដល់ស្តុបសណ្ឋាគារសុខាអង្គរ បត់តាមផ្លូវស៊ីវុត្ថា ឆ្ពោះទៅកាន់ផ្សារចាស់ តាមរង្វង់មូលនាគបាញ់ទឹក បន្តឆ្លងកាត់ស្ពានវត្តដំណាក់ បត់ស្របតាមផ្លូវបណ្ដោយស្ទឹងសៀមរាប មកកាន់ស្ពានព្រះរាជដំណាក់ និង បន្តតាមផ្លូវហ្សាដឺហ្គោលឆ្ពោះទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ។
តាមខ្លឹមសារនៃសេចក្ដីជូនដំណឹងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្តសៀមរាប អញ្ជើញមកឈរអមសងខាងផ្លូវ ដោយត្រូវប្រមូលផ្ដុំគ្នាចាប់ពីកែងស្តុបសុខា ឆ្ពោះតាមគោលដៅផ្លូវក្បួនរថយន្តឆ្លងកាត់ រហូតដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីចូលរួមសម្ដែងនូវកតញ្ញូតាធម៌ ចំពោះការលះបង់កម្លាំងកាយចិត្ត ក្នុងការជួយសង្គ្រោះកុមារ និងមាតាកម្ពុជានាពេលកន្លងមក ។
ក្នុងខណៈពេលដែលអដ្ឋិធាតុឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត តម្កល់ទុកនៅចេតិយនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបនោះ នៅថ្ងៃទី០៦ ខែធ្ន ឆ្នាំ២០១៨នេះ នឹងរៀបចំពិធីបុណ្យបង្សុកូល ឧទ្ទិសកុសលផលបុណ្យ ដល់ដួងវវិញ្ញាណក្ខន្ធឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្រោមព្រះរាជាធិបតីភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕