ប្រធានាធិបតីទីម័រឡេស្តេ៖ កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីដោយជឿជាក់ថា សម្តេចតេជោបន្តជួយទីម័រដើម្បីអភិវឌ្ឍន៍
ទីម័រឡេស្តេ៖ថ្លែងក្នុងសន្និសីទរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្រោយបញ្ចប់ជំនួប ឯកឧត្ដនចូហ្សេ រ៉ាមូស ហូតា (José Ramos-Horta) ប្រធានាធិបតីទីម័រឡេស្តេ បានសង្ឃឹមថា កម្ពុជា-ទីម័រ នឹងពង្រឹង និងពង្រីក ទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសទីម័រឡេស្តេ។ ឯកឧត្ដនបានចាត់ទុកថា សម្តេចតេជោ ហ៊ុន សែន គឺជាវីរៈបុរសរបស់កម្ពុជា និងជាស្ថាបនិកសន្តិភាពកម្ពុជា។ សម្តេចបាននាំ ប្រជាជនខ្មែរ និងប្រទេសកម្ពុជា ក្នុងពេលលំបាកបំផុត ចេញពីការឈឺចាប់ និងភាពលំបាកលំបិនមកដល់សន្តិភាព។
ប្រធានាធិបតីប្រទេសទីម័រឡេស្ត បានចាត់ទុក សម្តេចតេជោ ហ៊ុន សែន គឺជាមិត្តល្អរបស់ឯកឧត្ដមនិងជាមិត្តល្អរបស់ទីម័រឡេស្តេ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី នៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។
លោកជឿជាក់ថា ប្រទេសទាំងពីរនឹងបន្តធ្វើជាមិត្តល្អ ហើយសម្តេច ហ៊ុន សែន នឹងបន្តជួយទីម័រឡេស្តេ ដើម្បីអភិវឌ្ឍន៍៕