សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមេដឹកនាំអាស៊ាន អនុញ្ញាតឱ្យទីម័រឡេស្តេ ចូលជាសមាជិក, គ្មានហេតុផលណាដែលត្រូវរារាំងដល់ទីម័រឡេស្តេនោះទេ
ទីម័រឡេស្ដេ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ មេត្តាផ្តល់លទ្ធភាពឱ្យទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ជាជាងទុកនៅជាសមាជិកសង្គេតការណ៍ ខណៈដែលគ្មានហេតុផលណាដែលត្រូវរារាំងដល់ទីម័រឡេស្តេ ក្នុងការចូលជាសមាជិកនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដូចនេះ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែល សម្តេចអញ្ជើញធ្វើបទឧទ្ទេសនាម លើទំនាក់ទំនងកម្ពុជា-ទីម័រឡេស្តេ នៅវិមានរដ្ឋសភា របស់ទីម័រឡេស្តេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ខ្ញុំសូមអំពាវនាវថ្នាក់ដឹកនាំអាស៊ានដទៃទៀត មេត្តាផ្តល់លទ្ធភាពឱ្យទីម័រឡេស្តេ បានក្លាយជាសមាជិកពេញសិទ្ធិ ដែលនេះជាភាពចាំបាច់នៃភូមិសាស្ត្រនយោបាយ ជាភាពចាំបាច់នៃការធ្វើសមាហរណកម្មក្នុងតំបន់ និងជាភាពចាំបាច់ដែលអាស៊ានត្រូវដើរតួនាទីក្នុងការបង្រួបបង្រួមប្រទេសទាំងអស់នៅក្នុងដែនដីអាស៊ីអាគ្នេយ៍របស់យើង»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំពោះទីម័រឡេស្តេ បើពិនិត្យអំពីលក្ខណៈសម្បត្តិ ចំពោះទីម័រឡេស្តេ និងកម្ពុជា គឺខុសគ្នាដាច់ស្រលៈ ដោយគ្រាដែលកម្ពុជាចូលក្នុងអាស៊ាន នៅក្នុងឆ្នាំ១៩៩៩ ពេលនោះ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋម្នាក់ៗ មានត្រឹមតែ ២៨១ដុល្លារតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះទីម័រឡេស្តេ មានប្រាក់ចំណូលសម្រាប់ប្រជាជនម្នាក់ៗ រហូតដល់ ១,៤៥៣ដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា បើនិយាយពីស្ថានភាពសង្គម និងធនធានមនុស្ស ទីម័រឡេស្តេមាន ភាពល្អ ប្រសើរជាងកម្ពុជាកាលពីឆ្នាំ១៩៩៩ ទៅទៀត ដូចនេះគ្មានហេតុផលណាមួយដែលត្រូវរារាំង នូវតួនាទីរបស់ទីម័រឡេស្តេ ចូលទៅជាសមាជិកអាស៊ាននោះទេ។
សម្តេចបានថ្លែងដូចនេះទៀតថា «ខ្ញុំគឺជាសាក្សីរស់ម្នាក់ ដែលម្ខាងខ្លួនឯងដឹកនាំកម្ពុជានៅក្នុងដំណាក់កាលចូលដំបូង គឺផលិតផលសរុបជាមួយនឹង ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋត្រឹមតែ ២៨១ដុល្លារ ក្នុងពេលនេះទីម័រឡេស្តេ ត្រៀមខ្លួនចូលជាសមាជិក ប៉ុន្តែប្រាក់ចំនូលរបស់ប្រជាពលរដ្ឋរហូត ១ ៤៥៣ដុល្លារ ដែលចេញមកពីការស្ថិតិនៃធនាគារពិភពលោក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាស៊ាន នឹងគាំទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ជាជាងទុកនៅជាសមាជិកសង្គេតការដូចសព្វថ្ងៃនេះខណៈដែលប្រទេសនេះ បានស្នើសុំចូលជាសមាជិករយៈពេល១០ឆ្នាំមកហើយ៕