ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា ត្រៀមរៀបចំបើកការតាំងពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា​ថ្មីៗ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ពាក់កណ្ដាលខែធ្នូនេះ

81

ភ្នំពេញ៖ ពិព័រណ៍​យន្តហោះ និង បច្ចេកវិទ្យាថ្មីៗ គឺជា​កម្មវិធី​សង្គម​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ ក្រុមយុវជន​កម្ពុជា​ម​ក​ពី សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ដឹកនាំដោយ លោកកេន វិចិត្រ ប្រធានក្រុមយុវជនខេត្ដ ។ ក្រុមយុវជន​គឺគាត់​ស្រឡាញ់ និង​ចូលចិត្ត​យ៉ាងខ្លាំង​នូវ​ជំនាញ និង​មុខវិជ្ជា​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ​ជាដើម ​។​

​ នេះ​ជាការ​រៀបចំ​លើក​ទី​១ ដំបូង​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ឱ្យមាន​ពិព័រណ៍​យន្តហោះ និង​បច្ចេកវិទ្យា ឆ្នាំ​២០១៨ ដែល​មាន​រយៈពេល​បី​ថ្ងៃ១៤ ,១៥ ,១៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​មូលដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិនតុង​ខាងមុខនេះ​។ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីលោក កេន វិចិត្រ ប្រធានក្រុមយុវជនកម្ពុជាខេត្ដ ស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៏ ១៤ រោចខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៨ ។

លោកកេន វិចិត្រ បានបញ្ជាក់ថា៖ ពិព័រណ៍​នេះ ​ផងដែរ​គឺ ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី កងទ័ព​ជើង​អាកាស និង ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ មាន​ការ​គាំទ្រ​សហការ​រៀបចំ​ពី​ក្រុមហ៊ុនHelistar(Cam bodia) និង​អង្គការ​សែ្ទ​ម​កម្ពុជា ដោយ​ក្នុង​គោលបំណង​ផ្តល់ឱកាស​ដល់​យុវជន សិស្ស​និស្សិត កម្ពុជា​ទាំងអស់ និង​សាធារណៈជន​ បានឃើញ និង​ចូល​ទស្សនា​ដោយ​សេរី​តាមរយៈ​ការ​ដាក់​បង្ហាញ យន្តហោះ​ឯកជន (Private Jets) និង​ឧទ្ធម្ភាគចក្រ (Helicopters) ជាដើម ទាំង​ផ្នែក​ខាងក្រៅ និង​ក្នុង​នៃ​យន្តហោះ ព្រមទាំង​ការតាំង​បង្ហាញ​នូវ​ស្នាដៃ​ទេព កោសល្យ​កូន​ខ្មែរ​យើង ដែល​បាន​ផលិត​ឧបករណ៍​អេឡិច ត្រូនិក គ្រឿងយន្ត បច្ចេកវិទ្យា និង​ការសរសេរ​កូដ​ផ្សេងៗ​ជាដើម​។ ដូច្នេះ​គឺជា ឱកាស​ដ៏​វិសេស​មួយ​ដែល​ប្រមូលផ្តុំ​នូវ​ធនធានមនុស្ស យុវជន​សិស្ស​និស្សិត​កម្ពុជា មកពី​វិទ្យាល័យ សកល​វិទ្យាល័យ​នានា​ទូទាំងប្រទេស​កម្ពុជា ដែលមាន​ជំនាញ​ផ្នែក បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម វិទ្យាសាស្ត្រ និង​ព្រមទាំង​ស្រឡាញ់​ចូលចិត្ត​ចំណេះដឹង​យន្តហោះ និង​អាកាសចរ និង​លើសពីនេះ ​យុវជន សិស្ស​និស្សិត និង​អ្នកចូលរួម​ទាំងអស់​អា​ច​សួរ​ជា​សំណួរចម្លើយ ទៅកាន់​អ្នកបើក​យន្តហោះ​ដែល​នៅ​ទីនោះ​ផ្ទាល់ ឯកទេស និង​យុវជន សិស្ស​និស្សិត​នានា ដែល​ចូលរួម​តាំង​ពិ​ព័រ​ណ័​បង្ហាញ​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ​ជាដើម​។​

លោកបន្ដថា៖ ​អ្វី​ដែល​ពិសេស​នោះ​គឺ មានការ​ប្រកួត​ធ្វើ និង​បង្ហោះ​យន្តហោះ​កៅស៊ូ​! យន្តហោះ​កៅស៊ូ​? ស្តាប់ លឺ និង​និយាយ គឺ​ប្រហែលជា​ស្រួល​ធ្វើ និង​បង្ហោះ​ហើយ​! នេះ​ជា​អ្វីដែល​ចង់បង្ហាញ​ដោយមាន​គោលដៅ និង​ទិសដៅ​រៀបចំឡើង​ដោយ​ក្រុមយុវជន ស​.​ស​.​យ​.​ក ខេត្តស្វាយរៀង នូវ​ពិព័រណ៍​នេះ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍ និង​បណ្តុះ​គំនិត​ទៅដល់ យុវជន សិស្ស​និស្សិត​កម្ពុជា​ទាំងអស់​ដែល​ចូលរួម​ទស្សនា និង​ដាក់ពាក្យ​ចូលរួម​ប្រកួត​ធ្វើ​យន្តហោះ​កៅស៊ូ នេះ​មានឱកាស​ធ្វើ និង​ប្រកួត​បង្ហោះ​យន្តហោះ​កៅស៊ូ​ផងដែរ​។

នេះ​គឺជា ចំនុច​ចាប់ផ្តើម​! ការធ្វើ​យន្តហោះ​កៅស៊ូ​នេះ​មិនមែន​ស្រួល​ដូច​គិត និង​និយាយ​ទេ​! គឺ​យើង​ត្រូវតែ​គិត​វា​ឱ្យបាន​ល្អិតល្អន់​កំឡុងពេល​ធ្វើ​អំពី វត្ថុ​ឧបករណ៍​ដែល​ត្រូវ​យកមកប្រើ និង​ធ្វើឡើង រួមទាំង​ទំងន់ ស្លាប ទំហំ កង្ហារ​ចក្រ ការ​រចនា​មូ​ដ និង​ការធ្វើ​បទ​បង្ហាញ ព្រោះ​ការវាយតម្លៃ​នឹងត្រូវ​ធ្វើ​ឡើង​តាម​លក្ខ​ខ័​ណ្ឌ៥​ចំនុច​។ ចំនុច​ទាំង៥​នោះ​គឺ ផ្តោតលើ​ថេរៈវេលា​យូរ ឬ​ឆាប់​នៃ​ការហោះ កំពស់​ខ្ពស់ ឬ​ទាប រយៈ​ចម្ងាយ​វែង ឬ​ខ្លី ការ​រចនា​មូ​ដ​នៃ​យន្តហោះ និង​ការធ្វើ​បទ​បង្ហាញ​អំពី​ផលិតផល ជៀសវាង​ការ​ទៅ​ទិញ​ផលិតផល​អ្នក​ដ៏​ទៃ មក​ចូលរួម​ប្រកួត​។

ក្រុម​ទាំងអស់​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​ទាំងអស់​មាន ១៤​ក្រុម ដោយ​ក្នុង​មួយក្រុម​មាន​សមាជិក​២​នាក់​។ ក្រុម​ទាំង​១៤ ជា​សិស្ស​និស្សិត​មកពី​វិទ្យាល័យ និង​សកល​វិទ្យាល័យ ដូចជា​វិទ្យាល័យ​ព្រះ​ស៊ី​សុ​វ​ត្តិ​ជំនាន់​ថ្មី សកល​វិទ្យាល័យ​វិស្វកម្ម និង​បច្ចេកវិទ្យា ជាដើម​។​ ​កំឡុងពេល​ពិព័រណ៍​នេះ​ផងដែរ គឺមាន​សាល​សិក្ខាសាលា​ដែល​បង្កើត​ឱកាស​បន្ថែម ទៅដល់​អ្នកចូលរួម​មក​ទស្សនា​ចូល​ស្តាប់ សួរ​និង​ឆ្លើយ ផ្លាស់ប្តូរ​បទពិសោធន៍​រវាង​វាគ្មិន សាស្ត្រាចារ្យ អ្នកជំនាញ រៀមច្បង និង​សិស្ស​និស្សិត​រវាង​គ្នា​។ ហើយ​ក៏មាន​ស្តង់​លក់​ម្ហូប និង​ភេសជ្ជៈ​សម្រាប់​អ្នកចូលរួម​ទស្សនា​ទទួលទាន និង​សម្រាក​កម្សាន្ត​ផងដែរ​។​

នេះ​ជា​ឱកាស​ដ៏​ពិសេស​បំផុត សម្រាប់​យុវជន​សិស្ស​និស្សិត​កម្ពុជា​ទាំងអស់​គួរតែ​ចូលរួម​ឱ្យបាន​ទាំងអស់គ្នា​ដើម្បី​ទទួលបាន​បទពិសោធន៍ និង​ចំណេះដឹង​អំពី យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរ​កូដ វិស្វកម្ម និង​វិទ្យាសាស្ត្រ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ក្នុង​វិស័យនេះ និង​ឱ្យ​វិស័យ​យន្តហោះ និង​បច្ចេកវិទ្យា​នៅ​កម្ពុជា​មានការ​រីកចម្រើន​៕

អត្ថបទដែលជាប់ទាក់ទង