សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត សូមផ្ញើសារខ្លីមួយ ជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស បារាំងសូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា
ភ្នំពេញ៖ពីទីក្រុងនីស ប្រទេសបារាំង នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់បណ្ដាញព័ត៌មាន ប្រជាពលរដ្ឋទាំងអស់ សូមរក្សាភាពស្ងៀមស្ងាត់ និងជឿទុកចិត្តលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។
តាមរយៈសារអំពាវនាវនៅលើបណ្ដាញសង្គម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានក្រើនរំលឹកជាថ្មី ដល់ប្រជាពលរដ្ឋសូមជៀសវាងបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឲ្យមានការយល់ច្រឡំ និងនាំឲ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជន និងប្រជាជនកម្ពុជា-ថៃ។
បន្ថែមទៅលើសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
បើតាមការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរកម្ពុជា-ថៃ។
នៅក្នុងខ្លឹមសារដែលបានបង្ហោះនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឡើងវិញអំពីខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ រួមមាន៖
១. ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់អំពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជា-ថៃ ÷
. ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពយើងបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ។
. រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹកដីរបស់កម្ពុជាតែប៉ុណ្ណោះ ។
. កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងរាល់ការប៉ុនប៉ងឈ្លានពាននានា
. កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃដែលមានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តកិច្ចការវាស់វែង ខ័ណ្ឌសីមា និង បោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
២. បន្ថែមទៅលើ ប្រកាសរបស់ក្រសួងការពារជាតិខាងលើ ខ្ញុំសូមបញ្ជាក់សាជាថ្មីជូនបងប្អូនជនរួមជាតិថា÷ រាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ជាសេនាធិការ ដោយឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ (ជាពិសេស MOU ឆ្នាំ ២០០០) និងច្បាប់អន្តរជាតិ (រួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងករណីចាំបាច់ ដូចជាករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី)។
រាជរដ្ឋាភិបាល ក៏នឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។
៣. ខ្ញុំក៏សូមអំពាវនាវឱ្យបណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់យើងសូមរក្សាភាពស្ងៀមស្ងាត់ និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរយើង។
ជាពិសេស សូមជៀសវាងការបង្កើត ឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហា ទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ៕


