ក្រោយចប់កិច្ចប្រជុំចង្អៀត កម្ពុជា-ថៃ ចាប់ផ្ដើមកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) នៅរាជធានីភ្នំពេញ
ភ្នំពេញ៖នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមការងារកិច្ចការព្រំដែនកម្ពុជា និងថៃ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ។
នៅថ្ងៃទី១៤ ខែមិថុនានេះ គឺជាខួបទី២៥ឆ្នាំ នៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ឆ្នាំ២០០០ (MoU2000) ដែលកម្ពុជាតែងតែយកមកជាសំអាង រាល់ពេលដោះស្រាយជម្លោះជាមួយភាគីថៃ ហើយនៅថ្ងៃនេះ ក៏ជាថ្ងៃដំបូង នៃកិច្ចប្រជុំ JBC រវាងកម្ពុជាថៃ ក្រោយផ្ទុះជម្លោះប្រដាប់អាវុធ ថ្ងៃ២៨ឧសភាផងដែរ។
ភាគីកម្ពុជា ដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ។
មុនដំណើរការកិច្ចប្រជុំនេះ ភាគីកម្ពុជា-ថៃ បានរៀបចំកិច្ចប្រជុំចង្អៀតមួយផងដែរ ហើយកិច្ចប្រជុំចង្អៀតនោះ មានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាចំនួន៥នាក់ និងថៃចំនួន៥នាក់។ យ៉ាងណាមិញ លទ្ធផលនៃកិច្ចប្រជុំចង្អៀតនោះ មិនទាន់ត្រូវបានភាគីទាំង២នាក់បញ្ជាក់ឲ្យដឹងនៅឡើយទេ៕