ថ្ងៃនេះខួបលើកទី៦៣ឆ្នាំ កម្ពុជា ឈ្នះក្តីថៃ លើសំណុំរឿងប្រាសាទព្រះវិហារ នៅតុលាការ យុត្តិធម៌អន្តរជាតិ
ភ្នំពេញ៖នៅថ្ងៃ ទី ១៥ ខែ មិថុនា ឆ្នាំ២០២៥នេះ គឺ ជា ខួប លើក ទី ៦៣ ឆ្នាំ ហើយ ដែល កម្ពុជា ឈ្នះ ក្ដី លើ ភាគី ថៃ ពាក់ព័ន្ធ សំណុំរឿង ប្រាសាទ ព្រះវិហារ ដែល អំណាច សាលដីកា របស់ តុលាការ យុត្តិធម៌ អន្តរជាតិ បាន កំណត់ ឱ្យភាគី ថៃ ត្រូវ តែ ដក យោធា និងការគ្រប់គ្រងដែនរដ្ឋបាលទាំងអស់របស់ ខ្លួន ចេញ ពី តំបន់ មាន ជម្លោះ នៅ ត្រង់ ប្រាសាទ ព្រះវិហារ (១៥ មិថុនា ឆ្នាំ១៩៦២)។
សេចក្ដី សម្រេច របស់ តុលាការ យុត្តិធម៌ អន្តរជាតិ (ICJ) កាល ពីឆ្នាំ១៩៦២ បាន ទុក ពេល១០ ឆ្នាំ ឲ្យ ភាគី ថៃ តវ៉ាបើ មិន សុខចិត្ត នឹង សេចក្ដី សម្រេច នេះ ទេ។ ចាប់ តាំង ពី អំណាច សាលដីកា នេះ បាន ចូល ជា ស្ថាពរ គឺ ភាគី ថៃ ពុំ បាន តវ៉ា អ្វី ឡើយ។ ទាក់ទិន រឿង នេះ ក្នុង កិច្ចប្រជុំ សភា ថៃ កាល ពី ឆ្នាំ ២០០៨ អតីត នាយករដ្ឋមន្ត្រី ថៃ លោក សាម៉ាក់ ស៊ុនដារ៉ាវេច (Samak Sundaravej) ថ្លែង ថា ក្នុង ចន្លោះ នៃ អំណាច សាលដីកា នេះ គឺ ពុំ មាន អ្នក នយោបាយ ថៃ តវ៉ា ប្រឆាំង សេចក្ដី សម្រេច នេះ ម្ដង ណា ឡើយ។ រី ឯ ទង់ជាតិ របស់ កម្ពុជា វិញ បាន ដាក់ លើ ប្រាសាទ ព្រះវិហារ នេះ ជាយូរឆ្នាំមកហើយដែល ពុំ មាន ការ តវ៉ា អ្វី សោះ។
ផ្អែក តាម យុត្ថាធិការ នៃ អំណាច សាលដីកា នេះ គឺ ក្នុង ចន្លោះ នៃ ការ មិន តវ៉ា បាន ន័យ ថា ភាគី ដែល ទទួល បាន សិទ្ធិ គ្រប់គ្រង គឺ ជា ម្ចាស់ ដោយ ស្របច្បាប់។ ក្នុង រយៈពេល ៤០ ឆ្នាំ ក្រោយ ទើប ថៃ បង្កើត តំបន់ ៤.៦ គីឡូម៉ែត្រ ក្រឡា ជា ឯកតោ ភាគី ដោយ ចាត់ ទុក ថា ដី នៅ តំបន់ ក្បែរ ប្រាសាទ ព្រះវិហារ ស្ថិត ក្នុង ដែន អធិបតេយ្យភាព របស់ ថៃ។ ជម្លោះ ព្រំដែន ក្បែរ តំបន់ ប្រាសាទ ព្រះវិហារ នេះ ក៏ បាន កើត ឡើង ម្ដង ទៀត កាល ពី ខែ កក្កដា ឆ្នាំ ២០០៨ ក្រោយ ពេល ទាហាន ថៃមួយចំនួន បាន ចូល ឈ្លាន ពាន ទឹក ដី ខ្មែរ។
ជម្លោះ ប្រាសាទ ព្រះវិហារ បាន កើត ឡើង ជាថ្មី បន្ទាប់ ពី អង្គការ យូណេស្កូ (NESCO) បាន ដាក់ បញ្ចូល ប្រាសាទ ព្រះវិហារ ទៅ ក្នុង បញ្ជី បេតិកភណ្ឌ ពិភពលោក។
កងទ័ព កម្ពុជា និង ថៃ បាន ផ្ទុះ អាវុធ ជា ច្រើន លើក បណ្ដាល ឲ្យ មាន អ្នក ស្លាប់ និង របួស ទាំង សង្ខាង។ ក្រោយ ពី មាន ជម្លោះ យោធា ដ៏ តានតឹង កម្ពុជា សម្រេច បញ្ជូន សំណុំ រឿង ប្រាសាទ ព្រះវិហារ ទៅ តុលាការ យុត្តិធម៌ អន្តរជាតិ ដើម្បី ឲ្យ បកស្រាយ សាលដីកា កាល ឆ្នាំ ១៩៦២ ឡើង វិញ ក្នុង ពេល ដែល កម្ពុជា ទទួល បាន ជ័យជំនះ ម្ដង រួច មក ហើយ កាល ពីជាង៥០ឆ្នាំ មុន ជុំវិញ រឿង ក្ដី ប្រាសាទ ព្រះវិហារ លើ ភាគី ថៃ។
តុលាការ យុត្តិធម៌ អន្តរជាតិ នេះ ក៏ បាន ប្រកាស សាលដីកា ស្ដីពី ប្រាសាទ ព្រះវិហារ កាល ពី ថ្ងៃ ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ភ្លាម ដែរ ក្រោយ ពេល តុលាការ នេះ បាន បើក សវនាការ ស្ដាប់ ការ បកស្រាយ ដោយ ផ្ទាល់ មាត់ ពី តំណាង រដ្ឋាភិបាល កម្ពុជា និង ថៃ កាល ពី ខែ មេសា ឆ្នាំ ២០១៣។ ដោយ អំណាច សាលដីកា នេះ គឺ តុលាការ បាន បង្គាប់ ឲ្យ ថៃ ត្រូវ ដកទ័ព ចេញ ពី តំបន់ ប្រាសាទ ព្រះវិហារ។
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនសំណុំរឿងពាក់ព័ន្ធវិវាទព្រំដែនជាមួយថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិជាថ្មីទៀត។ វិវាទព្រំដែនដែលកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិពេលនេះ រួមមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី។
បើរំលឹកប្រវត្តិទាក់ទងជម្លោះនៅប្រាសាទព្រះវិហារវិញ គឺចាប់ផ្ដើមផ្ទុះខ្លាំងនៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទើបទទួលបានឯករាជ្យពីបារាំង ដោយកាលនោះភាគីថៃបានបញ្ជូនកងកម្លាំងប្រដាប់អាវុធ ចូលមកកាន់កាប់ប្រាសាទព្រះវិហារ។ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៥៩ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចនរោត្តមសីហនុ បានសម្រេចព្រះទ័យដាក់ពាក្យបណ្ដឹងប្រឆាំងនឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ក្រុងឡេអេ ដើម្បីស្នើសុំឱ្យតុលាការប្រគល់អធិបតេយ្យដែនដីលើប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធទាំងអស់ចេញពីប្រាសាទព្រះវិហារ។
ពាក្យបណ្ដឹងនោះមានភ្ជាប់នូវឯកសារ«ឧបសម្ព័ន្ធ»ជាច្រើនហើយឧបសម័ន្ធដែលសំខាន់ជាងគេបំផុតនោះគឺ «ផែនទីដែលរៀបចំឡើងដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀម» ដែលហៅថា“ផែនទីឧបសម្ព័ន្ធ១”(Map Annex I)។ នៅក្នុងការជំនុំជម្រះលើអង្គសេចក្ដីនោះ កម្ពុជា និងថៃ បានលើកបង្ហាញទឡ្ហីកររៀងៗខ្លួនដើម្បីទាមទារជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ។ សម្រាប់កម្ពុជាបានលើកយកផែនទីដងរែក(ផែនទីឧបសម្ព័ន្ធទី១)ដែលជាផែនទីកើតចេញពីសន្ធិសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ មកធ្វើជាមូលដ្ឋានច្បាប់។ តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះ បង្ហាញថាប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា។
ឆ្លងកាត់ការស្រាវជ្រាវអង្គចៅក្រមរបស់តុលាកានេះ បានពិនិត្យឃើញថាផែនទីឧបសម្ព័ន្ធទី១ គឺស្ថិតក្នុងចំណោមផែនទីទាំង១១ផ្ទាំង ដែលត្រូវបានបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈយ៉ាងទូលំទូលាយ។ផែនទីនេះត្រូវបានចែកចាយទៅឱ្យរដ្ឋាភិបាលបារាំងផង រដ្ឋាភិបាលសៀមផង និងទៅឱ្យក្រុមអ្នកជំនាញខាងភូមិសាស្រ្តផង ទាំងអ្នកភូមិសាស្រ្តបារាំង អ្នកភូមិសាស្ត្រសៀម និងអ្នកភូមិសាស្ត្រធំៗនៅក្នុងតំបន់។លើសពីនេះទៅទៀត ផែនទីឧបសម្ព័ន្ធទី១ ក៏ត្រូវបានរដ្ឋាភិបាលថៃចែកចាយទៅតម្កល់ទុកនៅឯស្ថានតំណាងរបស់ថៃប្រចាំប្រទេសធំៗមួយចំនួន រួមមានអង់គ្លេស អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក។
ឆ្លងកាត់ការផ្សព្វផ្សាយយ៉ាងទូលំទូលាយបែបនេះ ថៃមិនអាចអះអាងថាខ្លួន មិនបានដឹងមិនបានទទួលស្គាល់ផែនទីឧបសម្ព័ន្ធទី១ បានទេ។ ភស្តុតាងដ៏ជាក់ច្បាស់មួយទៀត គឺចាប់ពីខែមីនា ឆ្នាំ១៩០៩ គណៈកម្មការចម្រុះបារាំង-សៀម បានជួបប្រជុំគ្នាជាច្រើនខែ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះមានគោលដៅរៀបចំចងក្រងផែនទីទាំងអស់ ធ្វើជាឯកសារតែមួយ និងកំណត់អំពីពាក្យទាំងអស់ដែលត្រូវប្រើនៅក្នុងផែនទីទាំងនេះ ដើម្បីឱ្យស៊ីសង្វាក់គ្នា រវាងភាសាបារាំង និងភាសាថៃ។
នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនទីនេះ ថៃមិនដែលតវ៉ាជំទាស់នឹងខ្សែបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១នេះទេ។ ម្យ៉ាងវិញទៀតការដែលថៃលើកឡើងថា ខ្លួនមានការភាន់ច្រឡំ ហើយមើលមិនឃើញពីភាពមិនប្រក្រតីនៅលើផែនទីដងរែកក៏ជារឿងមិនសមហេតុផលដែរ ពីព្រោះថា គ្រាន់តែគេមើលផែនទីឧបសម្ព័ន្ធទី១ គេអាចមើលឃើញយ៉ាងច្បាស់អំពីតំបន់ប្រាសាទព្រះវិហារ មិនអាចចន្លោះបានទេ។ នៅលើផែនទីនេះ ទីតាំងប្រាសាទព្រះវិហារ ត្រូវបានកំណត់ដោយសញ្ញាសម្គាល់យ៉ាងច្បាស់ដែលមានរាងជាប្លង់តួប្រាសាទនិងជណ្តើរប្រាសាទ។ ចំណែកខ្សែបន្ទាត់ព្រំដែនត្រូវបានគេគូសបង្ហាញយ៉ាងច្បាស់នៅខាងជើងប្រាសាទព្រះវិហារហើយមិនត្រូវនឹងខ្សែបែងចែកផ្លូវទឹកទេ។ ដូច្នេះវាជារឿងដែលមិនអាចទៅរួចទេ ដែលថាអ្នកដែលបានមើលផែនទីនេះហើយ តែមើលមិនឃើញអំពីចំណុចនេះ។
លើសពីនេះទៅទៀត ខាងភាគីថៃអ្នកដែលបានឃើញផែនទីឧបសម្ព័ន្ធទី១នេះ(ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស,រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ,សមាជិកគណៈកម្មការចម្រុះបារាំង-សៀម,ព្រមទាំងអភិបាលខេត្តនៅជាប់នឹងតំបន់ប្រាសាទព្រះវិហារ) សុទ្ធសឹងជាអ្នកដែលមានជំនាញខាងភូមិសាស្រ្ត និងស្គាល់ភូមិសាស្រ្តនៅតំបន់ព្រះវិហារយ៉ាងច្បាស់លាស់។ ដូច្នេះវាកាន់តែមិនអាចទៅរួចទៅទៀតដែលថា អ្នកទាំងនេះមិនអាចមើលដឹងថានៅក្នុងផែនទីឧបសម្ព័ន្ធទី១ ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា។
តាមរយៈហេតុផលទាំងនេះ តុលាការបានកំណត់ថា នៅតំបន់ប្រាសាទព្រះវិហារព្រំដែនស្របច្បាប់រវាងកម្ពុជានិងថៃគឺ ខ្សែបន្ទាត់ព្រំដែន ដែលមានគូសនៅលើផែនទីឧបសម្ព័ន្ធទី១ មិនមែនខ្សែបែងចែកផ្លូវទឹកដូចការទាមទាររបស់ថៃនោះទេ។
ជាចុងក្រោយ ដោយយោងលើសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យ ដែលបានដាក់ជូនតុលាការនៅពេលបញ្ចប់នីតិវិធីទាញហេតុផលផ្ទាល់មាត់ ដែលបានចង្អុលបង្ហាញនៅក្នុងសេចក្ដីផ្ដើម នៃសាលដីកានេះ តុលាការរកឃើញថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យលើកទី១ និងលើកទី២របស់កម្ពុជា ដែលសុំឱ្យប្រកាសនូវឋានៈតាមផ្លូវច្បាប់នៃផែនទីឧបសម្ព័ន្ធទី១ និងខ្សែព្រំដែននៅក្នុងតំបន់ជម្លោះ គឺអាចទទួលយកមកពិចារណាបានតែក្នុងលក្ខខណ្ឌថា សេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យទាំងនេះ មានបញ្ជាក់ពីមូលហេតុ ហើយមិនមែនជាការទាមទារដែលត្រូវយកមកដោះស្រាយនៅក្នុងបញ្ញាត្តិអនុវត្តនៃសាលដីកានេះទេ។ ម្យ៉ាងទៀតតុលាការរកឃើញថាក្រោយពីបានលើកឡើងនូវការទាមទាររបស់ខ្លួន ពាក់ព័ន្ធនឹងអធិបតេយ្យលើប្រាសាទព្រះវិហារ ថៃបានលើកឡើងនៅក្នុងសេចក្ដីស្នើរសុំឱ្យវិនិច្ឆ័យរបស់ខ្លួនត្រឹមតែអំណះអំណាង និងការបដិសេធដែលជំទាស់ទៅនឹងការតវ៉ារបស់ភាគីកម្ពុជាប៉ុណ្ណោះ។
នៅចំពោះមុខនៃបណ្ដឹងទាមទារដែលបានដាក់ជូនតុលាការដោយ កម្ពុជា និងថៃ ទាក់ទងនឹងដែនអធិបតេយ្យភាពលើប្រាសាទព្រះវិហារដែលនាំឱ្យមានជម្លោះរវាងប្រទេសទាំងពីរនេះ ទីបំផុតតុលាការក្រុងឡាអេ បានគាំទ្រលើកម្ពុជានិងសម្រេចសេចក្តីថា៖
•ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ដែលស្ថិតក្រោមអធិបតេយ្យរបស់កម្ពុជា ដែលសមាសភាពនៅក្នុងការសម្រេចក្តីអនុម័តដោយ៩សំឡេង ទល់នឹង៣។
•ថៃត្រូវតែដកកងទ័ព ប៉ូលិស ឬឆ្មាំផ្សេងទៀត ដែលឈរជើងនៅក្នុងប្រាសាទ និងនៅជុំវិញប្រាសាទ ក្នុងដែនដីរបស់កម្ពុជា ដែលអនុម័តដោយ ៩សំឡេងទល់នឹង៣។
•ថៃត្រូវប្រគល់ត្រឡប់មកឱ្យកម្ពុជាវិញ នូវរាល់វត្ថុបុរាណដូចជា រូបចម្លាក់ សិលាចារឹក គ្រឿងចានឆ្នាំងធ្វើអំពីដី។ល។ ដែលថៃបានយកចេញពីប្រាសាទព្រះវិហារ ឬពីតំបន់ប្រាសាទ ក្នុងអំឡុងពេលដែលថៃកាន់កាប់ប្រាសាទចាប់តាំងពីឆ្នាំ១៩៥៤ មកដែលអនុម័តដោយ៧សំឡេង ទល់នឹង៥។
សូមជម្រាបជូនថា រឿងក្ដីទាក់ទងទៅនឹងប្រាសាទព្រះវិហារប្រព្រឹត្ដទៅអស់រយៈពេលជិត៣ឆ្នាំ ហើយនៅទីបញ្ចប់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការអន្ដរជាតិក្រុងឡាអេ បានសម្រេចឱ្យប្រទេសកម្ពុជាទទួលជ័យជម្នះ។
នៅពេលដល់ថ្ងៃទី១៥មិថុនានេះជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានរៀបចំពិធីដែលមានការចូលរួមពីប្រជាពលរដ្ឋរំលឹកឡើងវិញ អំពីជោគជ័យដែលកម្ពុជាទទួលបានសិទ្ធិ ជាម្ចាស់លើប្រាសាទព្រះវិហារនេះក៏ដើម្បីឱ្យកូនខ្មែរចងចាំ និងមានស្មារតីរក្សាការពារមរកតដ៏ថ្លៃថ្លានេះ៕