អភិបាលរាជធានីភ្នំពេញនារាត្រីថ្ងៃអាទិត្យនេះ ដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យស្ថានភាពផ្លូវថ្មើរជើងមុនបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២១ខែមិថុនា
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវព្រមទាំងមន្ត្រីអមដំណើរនារាត្រីថ្ងៃអាទិត្យទី១៥មិថុនា២០២៥នេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរដែនដីចុះពិនិត្យនិងដើរលេងកំសាន្ត នៅផ្លូវថ្មើរជើង ( Walk Street ) បើទោះបីមានភ្លៀងធ្លាក់យ៉ាងណាក្តី ព្រោះថា ផ្លូវថ្មើរជើងគ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជិង៥ខែ។
របាំប្រពៃណី ក្ងោកពោធិសាត់ និងល្ខោនបាសាក់ រឿងម៉ាភូយ៉ុងកែវ បង្ហាញខ្លួននៅផ្លូវថ្មើរជើងចតុមុខ ( Walk Street ) នាសប្តាហ៍ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទី១៤និងទី១៥មិងុនានេះ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ បានទស្សនាកំសាន្ត បន្ថែមពីលើអ្វីដែលមានស្រាប់ជារៀងរាល់សប្តាហ៍កន្លងមក។
មន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឱ្យដឹងថា៖ នាសប្ដាហ៍នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ និងលើកយកនូវផ្ទាំងសិល្បៈទស្សនីយភាពចំនួន០២ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនានាផ្លូវថ្មើរជើង ( Walk Street ) ក្នុងនោះទី១ ទស្សនីយភាពសិល្បៈ របាំប្រពៃណី ( ក្ងោកពោធិសាត់ )ទី២ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់ ( រឿងម៉ាភូយ៉ុងកែវ )។
ពាក់ព័ន្ធនិងពិធីសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកការប្រជុំជាច្រើនលើក ច្រើនសាររួចមកហើយ ដើម្បីធានាថាបញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែទទួលបានជោគជ័យ១០០ភាគរយ ជូនថ្នាក់ដឹកនាំកំពូលៗនិងអ្នកចូលរួមទាំងអស់ ជាមួយការបង្កើតឱ្យមានទីបញ្ជាការស្រាលជាច្រើនកន្លែង។ បន្ថែមពីនេះ ការជួសជុលផ្លូវ ការអ៊ុតគំនូសចរាចរ ការតុបតែងនិងបំពាក់ភ្លើងបំភ្លឺ ក៏ត្រូវតែធ្វើឱ្យបានរួចរាល់នៅមុននៃការបើកសម្ពោធផងដែរ។
ក្នុងថ្ងៃបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street)នេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏និងរៀបចំឱ្យមានការប្រគុំតន្ត្រីខ្នាតធំ ដោយក្រុមហ៊ុនកាឡាក់ស៊ី(Galaxy)
និងការសម្តែងសិល្បៈប្រពៃណី របាំងចម្រុះ ដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មានស្តង់លក់ដូរ ជាមួយនិងការរៀបចំស្តង់ម្ហូបអាហារចំនួន២ទីតាំងគឺស្តង់ម្ហូបអាហារម៉ាឡេស៊ីនិងស្តង់ម្ហូបអាហារឥណ្ឌាផងដែរ៕