សម្តេចធិបតីប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃផ្តល់សេវា និងការសម្របសម្រួល ចាំបាច់នានា ដល់ពលករខ្មែរ មានបំណងត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំ ដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។
តាមរយៈសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។
សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានណែនាំទៅឯកឧត្ដមហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។
សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។
សូមបញ្ជាក់ថា ក្នុងកំលុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា នេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មក ប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើង សម្រាប់ពលករខ្មែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់ មក វិញបើពួកគេមានបំណងត្រឡប់មកវិញ។
ពលករខ្មែរជាចំណែកមួយយ៉ាងធំ ទ្រទ្រង់ដល់ច្រវាក់ផលិតកម្ម របស់ថៃ ទាំងក្នុងវិស័យឧស្សាហកម្ម សំណង់ កសិកម្ម និងសេវាកម្មផ្សេងៗ។ ការចាកចេញរបស់ពលករខ្មែរនឹងធ្វើឱ្យការផលិតរបស់ថៃជួបបញ្ហា។
កាលពីប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលថៃ ធ្លាប់បានអនុវត្តន៍វិធានបណ្តេញពលករខ្មែរ ចេញពីប្រទេសខ្លួនផងដែរ តែក្រោយឃើញពីបញ្ហាក៏បានសម្របសម្រួលឱ្យ ពលករ ខ្មែរបានធ្វើការក្នុងប្រទេសខ្លួនវិញ៕