ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ៩ធំជាងគេនិងជាស្ថាបត្យកម្មដ៏មានឥទ្ធិពលក្នុងចំណោមស្ថាបត្យកម្មចំនួន១១លើពិភពលោក

83

ភ្នំពេញ៖អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន និងបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ២០២០ ដោយស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ប្រមាណ៩០% ជាកូនខ្មែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ដោយជើងហោះហើរដំបូងគេគឺ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Air Cambodia និងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្នុងគម្រោងវិនិយោគរវាងរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដោយទុនវិនិយោគគឺជារបស់ជនជាតិខ្មែរ១០០% ដោយដំបូងឡើយគ្រោងចំណាយលើការសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងកើនឡើងដល់ជាង ២,១៥០លានដុល្លារអាមេរិក (២,១៥ប៊ីលានដុល្លារ)។ រចនា និងសាងសង់ឡើងដោយក្រុមហ៊ុនល្បីៗពហុជាតិ ដែលក្នុងនោះរួមមាន ស្ថានីយអ្នកដំណេីរគូសប្លង់ស្ថាបត្យកម្មដោយស្ថាបត្យករជនជាតិអង់គ្លេស និងគ្រប់គ្រងការសាងសង់ជារួមដោយក្រុមហ៊ុន OCIC។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដ៏ធំប្រណិតនេះត្រូវបានសាងសង់ឡើងលើផ្ទៃដី ២,៦០០ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ ដែលមានទីតាំងប្រហែល២០គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាប្រភេទព្រលានយន្តហោះខ្នាតធំ ប្រភេទ 4F ដែលជាកម្រិតខ្ពស់បំផុត ហើយអាចស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ 

បើយោងតាមការវាយតម្លៃរបស់អាកាសចរណ៍ស៊ីវិល ព្រលានហោះយន្ដអន្ដរជាតិតេជោនេះ បានជាប់ចំណាត់ថ្នាក់លេខ៩ ក្នុងពិភពលោក ក្នុងចំណោមព្រលានយន្តហោះប្រភេទ 4F។ ជាមួយគ្នានេះ ព្រលានយន្តនេះ បានក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល ក្នុងចំណោមស្ថាបត្យកម្មចំនួន១១ លើពិភពលោកផងដែរ។ 

អាកាសយានដ្ឋាននេះត្រូវបានរំពឹងថា ប្រើប្រាស់បុគ្គលិកមិនក្រោម ១,០០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ។ ក្រុមហ៊ុន សូស៊ីយេតេ កុងសេស្បូនែរ ដីឡាអេរ៉ូព័រ (SCA) ត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងសេវាកម្មនានាក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារបទពិសោធន៍ក្នុងការគ្រប់គ្រងអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ អស់រយៈពេលប្រមាណ៣០ឆ្នាំ។

តាមផែនការ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងឡើងជាបីដំណាក់កាល ដោយដំណាក់កាលទី១ មានផ្លូវរត់ចម្ងាយ៤ គីឡូម៉ែត្រនឹងមានសមត្ថភាពទទួលអ្នកដំណើរជាង១៥ លាននាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២៥។ ក្នុងដំណាក់កាលទីពីរ ការបន្ថែមផ្លូវរត់ពីរបន្ថែមទៀតនឹងបង្កើនសមត្ថភាពអ្នកដំណើរដល់ ៣០លាននាក់នៅឆ្នាំ២០៣០។ ដំណាក់កាលទីបី អាកាសយានដ្ឋាននេះនឹងពង្រីកបន្ថែមទៀតជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបី ដែលអាចទទួលអ្នកដំណើរបានរហូតដល់ ៤៥ លាននាក់នៅឆ្នាំ២០៥០។

បច្ចុប្បន្ន នេះ ក្រុមហ៊ុន អាកាសចរណ៍ ទាំងក្នុងស្រុក និងក្រៅស្រុក ដែលកំពុង ប្រតិបត្តិការ តភ្ជាប់ ការ ហោះហើរ ត្រង់ មក កាន់ អាកាសយានដ្ឋានអន្តរជាតិ តេជោ ចំនួន២៨ ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន៤ និង ក្រុមហ៊ុនអាកាសចរណ៍ក្រៅស្រុកចំនួន ២៤។ នៅខែតុលាខាងមុខនេះ អាចនឹងមានក្រុមហ៊ុន ២ទៀតភ្ជាប់ជើងហោះហើរមកកម្ពុជា គឺក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ របស់អេមីរ៉ាតអារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគី៕

អត្ថបទដែលជាប់ទាក់ទង