នាបិណ្ឌទី៩នេះឯកឧត្ដមហ៊ុន ម៉ានី រួមជាមួយក្រុមការងារធ្វើបុណ្យដាក់បិណ្ឌនៅវត្តទួលអណ្តែតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ព្រះវិហារ៖ថ្ងៃនេះ ត្រូវនឹងវេនបិណ្ឌទី៩ នេះឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីមុខងារសាធារណៈរួមជាមួយក្រុមការងារបានមកធ្វើបុណ្យដាក់បិណ្ឌនៅវត្តទួលអណ្តែត ស្ថិតនៅឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងមកទីជិតឆ្ងាយ។ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីខ្ញុំព្រះករុណា សូមក្រាបថ្វាយបង្គំ និងផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការនឹករឭកពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ព្រមទាំងថ្នាក់ដឹកនាំ ប្រជាពលរដ្ឋទាំងអស់នៅសមរភូមិក្រោយ ប្រគេនដល់ព្រះគ្រូចៅអធិការ ព្រះតេជគុណព្រះសង្ឃ គណៈកម្មការ ក៏ដូចជាលោកយាយលោកតា អ៊ុំ ពូមីង បងប្អូន ចំណុះជើងវត្តទួលអណ្តែត។ ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីថ្ងៃនេះ យើងខ្ញុំទាំងអស់គ្នាបានមូលមតិគ្នានាំយកទេយ្យទាន រួមមានចង្ហាន់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ មកវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជន និងជាពិសេសដល់វីរកងទ័ពជួរមុខរបស់យើង។
ឯកឧត្ដមហ៊ុន ម៉ានី ខ្ញុំសូមថ្លែងអំណរគុណជូនដល់ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តព្រះវិហារ ក៏ដូចជាក្រុមគ្រួសារ ក្រុមបាល់ទាត់ទាំង៨ ដែលរួមមាន ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ក្រុមបាល់ទាត់ Vlogger All Star ក្រុមបាល់ទាត់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ក្រុមបាល់ទាត់តារាកម្ពុជា ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចាប់មគ្គផលក្នុងថ្ងៃបិណ្ឌទី៩នេះ។
ឯកឧត្ដមហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីសូមបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់គ្នា អនុមោទនាកុសលផលបុណ្យជូនដល់បងប្អូនប្រជាជនខ្មែរគ្រប់ៗរូប សូមឱ្យជួបសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នាជានិច្ចនិរន្តតរៀងទៅ៕

