ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីហ៊ុនម៉ាណែតស្នើនាយករដ្ឋមន្រ្តីម៉ាឡេស៊ីជួយធ្វើអន្តរាគមន៍បន្ទាន់ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃនិងប្រជាពលរដ្ឋស៊ីវិលកម្ពុជាដោយឱ្យរក្សាស្ថានភាពដដែលកុំឲ្យមានការរាយបន្លាលួសបន្ថែម

58

ភ្នំពេញសម្តេចធិបតី ហ៊ុន ម៉ាណែត នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបពិភាក្សាជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយស្នើឲ្យជួយធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម។

សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានរៀបរាប់យ៉ាងដូច្នេះថា៖  នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០២៥  ខ្ញុំបានជួបពិភាក្សាតាមទូរសព្ទជាមួយ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន ពាក់ព័ន្ធនឹងការវិវត្តន៍នៃស្ថានការណ៍គួរឱ្យព្រួយបារម្ភ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រហូតដល់មានការប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលរបស់កម្ពុជា ដែលបានបណ្តាលឱ្យមានការរងរបួសជាច្រើននាក់។ 

ដោយស្ថានការណ៍នៅថ្ងៃនេះបន្តវិវត្តគួរឱ្យព្រួយបារម្ភទៀត ខ្ញុំបានស្នើឯកឧត្ដម Anwar Ibrahim ធ្វើអន្តរាគមន៍ជាបន្ទាន់  ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ និងប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដោយឱ្យរក្សាស្ថានភាពដដែល កុំអោយមានការរាយបន្លាលួសបន្ថែម ឬធ្វើសកម្មភាពណាមួយដែលពង្រីកវិសាលភាពនៃជម្លោះ និងរង់ចាំដំណោះស្រាយបញ្ហាព្រំដែនពីគណៈកម្មការចម្រុះព្រំដែន (JBC) នៅពេលខាងមុខ ស្របតាមការឯកភាពគ្នារវាងភាគីកម្ពុជានិងថៃ ក្នុងកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង