សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖មហាសន្និបាតអាយប៉ា« មានសេចក្តីសម្រេចចំនួនបី »ផ្តួចផ្តើមឡើងដោយសភាកម្ពុជា មាន សេចក្តីសម្រេចស្តីពីការជំរុញគំនិត ផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី
កូឡាឡាំពួរ៖មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ដែលសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបិទជាផ្លូវការ ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងការទូតសភា ដោយយកប្រជាពលរដ្ឋជាស្នូល នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី និងជាប្រធានអន្តរសភាអាស៊ាន(អាយប៉ា/AIPA)លើកទី៤៦។
ក្រោមប្រធានបទ “សភាទៅមុខសម្រាប់កំណើនប្រកបដោយបរិយាបន្ន និងអាស៊ានប្រកបដោយចីរភាព” មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ ប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២១ ខែកញ្ញា បានអនុម័តសេចក្តីព្រាងសេចក្តីសម្រេចចំនួន ៤២ ។
ក្នុងចំណោមសេចក្តីសម្រេច ដែលមហាសន្និបាតអាយប៉ា បានសម្រច មានសេចក្តីសម្រេចចំនួនបី ផ្តួចផ្តើមឡើងដោយសភាកម្ពុជា មាន សេចក្តីសម្រេចស្តីពីការជំរុញគំនិត ផ្ដួចផ្ដើមសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី សេចក្ដីសម្រេចស្តីពីការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា និងសេចក្ដីសម្រេចស្តីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីលើកកម្ពស់ការចូលរួមរបស់អាយប៉ាជាមួយដៃគូពាក់ព័ន្ធ សម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព។នៅក្នុងដំណើរមហាសន្និបាតអាយប៉ាលើកទី៤៦នេះ អាយប៉ា បានជួបសន្ទនាជាមួយសភាសង្កេតការណ៍ចំនួន ១៤ ប្រទេសចូលរួម ក្រោមប្រធានបទស្ដីពី “មជ្ឈភាពអាស៊ាន៖ ការកសាងនិម្មាបនកម្មតំបន់ប្រកបដោយបរិយាបន្នដើម្បីអនាគតមានចីរភាព។
មហាសន្និបាតអាយប៉ាលើកទី៤៦ បានជ្រើសតំាង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គលេខាធិការអាយប៉ា ក្នុងអាណត្តិរយៈពេល៣ឆ្នាំ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦តទៅ។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា រួមនឹងប្រធានគណៈប្រតិភសភាអាយប៉ាមានមាន សភាព្រុយណេដារូស្សាឡាម ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន សិង្ហបុរី ឡាវ ថៃ និងវៀតណាម បានអញ្ជើញចុះហត្ថលេខាលើលទ្ធផលដ៏ត្រចះត្រចង់ នៃមហាសន្និបាតអាយប៉ាយលើកទី៤៦ដើម្បីពង្រឹងសាមគ្គីភាពនិងមជ្ឈមភាពអាស៊ានក្នុងការថែរក្សាសុខសន្តិភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។
មហាសន្និបាតអាយប៉ាលើកទី៤៦ នឹងប្រារព្ធធ្វើនៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០២៦។ មុនបិទបញ្ចប់មហាសន្និបាតឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភាម៉ាឡេស៊ី និងជាប្រធានអាយប៉ាលើកទី៤៦ បានប្រគល់តួនាទីជាប្រធានអាយប៉ាលើកទី៤៧ ជូន ប្រធានរដ្ឋសភានៃប្រទេសហ្វីលីពីនផងដែរ។
ឯកឧត្តម JoseC.De Venecia ប្រធានគណៈប្រតិភូសភាប្រទេសហ្វីលីពីន ក្នុងនាមប្រធានអាយប៉ាលើកទី៤៧ បានប្តេជ្ញាចិត្តក្នុងការដឹកនាំនិងរៀបចំមហាសន្និបាតលើកទី៤៧ ទទួលបានជោគជ័យ និងបានអញ្ជើញគណៈប្រតិភូទំាងអស់ចូលរួមមហាសន្និបាតអាប៉ាលើកទី៤៧ ផងដែរ។
អាយប៉ា ជាវេទិកាស្ថាប័ននីតិប្បញ្ញត្តិនៃសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ មហាសន្និបាតអាយប៉ាតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ គឺជាវេទិកាសភាសំខាន់នៅក្នុងតំបន់ដែលផ្តល់ឱកាសដល់តំណាងរាស្រ្តនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជួបជុំគ្នាដើម្បីពិភាក្សា ផ្លាស់ប្តូរមតិ យោបល់ ទស្សនៈ និងស្វែងរកយុទ្ធសាស្រ្តនិងគន្លឹះនានាដើម្បីរួម ចំណែកដល់ការលើកកម្ពស់វប្បធម៌សន្ទនា ការចរចានិងការដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី រួមចំណែកជាមួយអាស៊ាន ដែលជាស្ថាប័ននីតិប្រតិបត្តិក្នុងការឈានទៅសម្រេចឱ្យបានសហគមន៍អាស៊ានឆ្នាំ២០៤៥ ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងវិបុលភាព ដោយយកប្រជាពលរដ្ឋជាស្នូល៕

