ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការគោរពនិងអនុវត្តលក្ខខណ្ឌបទឈប់បាញ់និងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរកម្ពុជានិងថៃបានឯកភាពគ្នាកន្លងមក

56

ភ្នំពេញ៖លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ជាថ្មីថា កម្ពុជាប្តេជ្ញាចិត្តឥតងាករេក្នុងការគោរព និងអនុវត្តលក្ខខណ្ឌបទឈប់បាញ់ និងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរកម្ពុជា និង ថៃ បានឯកភាពគ្នាកន្លងព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។

លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ដូចនេះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកស្រីបានជួបជាមួយសមាជិកអង្គទូត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ព្រមទាំងតំណាងមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីជូនព័ត៌មានអំពីការវិវត្តជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ។

យោងតាមចេញសេចក្តីប្រកាសព័ត៌មាន ពីការធ្វើបទបង្ហាញស្តីពីការវិវត្តនៃបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅភូមិព្រៃចាន់ និងភូមិជោគជ័យរបស់ក្រសួងការបរទសកម្ពុជា បានបញ្ជាក់ដូចនេះថា «លោកជំទាវ អ៊ាត សោភា បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តឥតងាកររបស់កម្ពុជាក្នុងការគោរព និងអនុវត្តលក្ខខណ្ឌបទឈប់បាញ់ និងការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងទៅនេះ ព្រមទាំងប្រកាន់ខ្ជាប់នូវការដោះស្រាយរាល់បញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជណាចក្រថៃ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក (MOU 2000) ដែលជាសន្ធិសញ្ញារវាងប្រទេសទាំងពីរ»។

នៅក្នុងចេញសេចក្តីប្រកាសរបស់ក្រសួងការបរទសកម្ពុជា មានខ្លឹមសារដូចនេះទៀតថា លោកជំទាវ អ៊ាត សោភា បានលើកឡើងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅម៉ោង២៤:០០ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងការឯកភាពគ្នារវាងភាគី កម្ពុជា និងថៃលើលក្ខខណ្ឌនៃបទឈប់បាញ់នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ កម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបាននូវការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ចំនួន៤ដង និងកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ប្រកបដោយជោគជ័យ។ នៅក្នុងជំនួបទាំងនោះ កម្ពុជាតែងតែបានបង្ហាញនូវសុឆន្ទៈក្នុងការស្វែងរកវិធានការ ជាក់ស្ដែងដើម្បីកាត់បន្ថយភាពតានតឹង លើកកម្ពស់ការជឿជាក់ ទៅវិញទៅមក និងស្តារឡើងវិញនូវប្រក្រតីភាពនៃទំនាក់ទំនងរវាងប្រទេសនិងប្រជាជនទាំងពីរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លោកជំទាវ អ៊ាត សោភា បានជម្រាបជូនថា ក្រុមការងារទទួលបន្ទុកកិច្ចការដោះមីនមនុស្សធម៌ និងក្រុមការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន នៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា និងបានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួនស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) លោកជំទាវ បានបញ្ជាក់ផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តសម្របសម្រួលជាមួយភាគីថៃ ដើម្បីរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ឱ្យបានទាន់ពេលវេលា បើទោះបីជាមានភាគីថា មានការលំបាកដោយសារការកែសម្រួល និងការផ្លាស់ប្តូរថ្នាក់ដឹកនាំតាមបណ្តាយោធភូមិភាគរបស់ខ្លួនយ៉ាងណាក៏ដោយ។

បើទោះបីជាមានការវិវត្តជាវិជ្ជមានគួរឱ្យកត់សម្គាល់ដូចបានរៀបរាប់ខាងលើ លោកជំទាវ អ៊ាត សោភា បានបង្ហាញពីការសង្កេតឃើញថា មានអ្នកនាំពាក្យរងនៃកងទ័ពភូមិន្ទថៃ រដ្ឋបាលខេត្តស្រះកែវ ក៏ដូចជាបណ្តាញព័ត៌មានថៃមួយចំនួនបានបង្ហាញ និងផ្សព្វផ្សាយដល់សាធារណជនជាតិនិងអន្តរជាតិ អំពីផែនទីរូបភាពផ្កាយរណប និងប្លង់ទីតាំងបង្គោលព្រំដែន នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់ឯកសារ និងព័ត៌មានទ្វេភាគីមួយចំនួន មិនត្រឹមតែយកមកបកស្រាយប្រាសចាកពីការពិតប៉ុណ្ណោះទេ ថែមទាំងយកមកធ្វើជាមូលដ្ឋានក្នុងការពង្រីកវិសាលភាពជម្លោះ និងបង្កឱ្យមានភាពតានតឹង តាមរយៈការបណ្ដេញដោយខុសច្បាប់ប្រជាពលរដ្ឋខ្មែរចេញពីផ្ទះ និងដីដែលពួកគាត់បានរស់នៅនិងអាស្រ័យផលជាច្រើនទសវត្សរ៍មកហើយ។

ជាក់ស្ដែងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គណនី Facebook Page ឈ្មោះ “Royal Thai Army: Update” បានបង្ហោះផ្សាយព័ត៌មាន ពាក់ព័ន្ធនឹងករណីដដែលនេះ ក្នុងគោលបំណងធ្វើឱ្យមានការភាន់ច្រឡំថា ប្រធានក្រុមការងារវាសវែងចម្រុះកម្ពុជា-ថៃ (ឯកឧត្តម ឡាយ សៀងលី និងវរៈសេនីយ៍ឯក ឆាខន ប៊ុនផាកឌី) បានចុះហត្ថលេខាទទួលស្គាល់ព្រំដែនជាផ្លូវការ នៅតំបន់ភូមិព្រៃចាន់ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ កាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលករណីនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានចេញសេចក្តីប្រកាសបដិសេធព័ត៌មាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

លោកជំទាវ អ៊ាត សោភា ក៏បានគូសបញ្ជាក់ផងដែរថា បើទោះបីជាផ្អែកទៅលើខ្សែមិនផ្លូវការ ដែលគូសនៅលើផែនទីរូបភាពផ្កាយរណប ជាឯកតោភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ៤២ និងលេខ៤៣ និងចន្លោះបង្គោលព្រំដែនលេខ៤៤ ដល់បង្គោលលេខ៤៧ នេះក៏ដោយ ក៏អាចសង្កេតឃើញថា ការអង្កេតនៅលើដីជាក់ស្តែង បានបង្ហាញ និងបញ្ជាក់ច្បាស់ថា ក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលមកកម្ពុជាវិញផងដែរ។

ដោយយោងទៅលើភាពស្មុគស្មាញ និងការលំបាកនៅក្នុងការដោះស្រាយបញ្ហាព្រំដែន លោកជំទាវ អ៊ាត សោភា បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ នៃការដោះស្រាយបញ្ហាទាំងនេះឱ្យបាន ហ្មត់ចត់ និងត្រឹមត្រូវ ព្រមទាំងទាមទារឱ្យគោរពទៅតាមកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។ ក្នុងន័យនេះ លោកស្រីបានស្នើឱ្យភាគីថៃចូលរួមជាមួយកម្ពុជាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវស្មារតី នៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុច ៨.១ ដែលភាគីទាំងពីរបានឯកភាពគ្នាបកបញ្ហានៅភូមិព្រៃចាស់ និងភូមិជោគជ័យ ទៅពិភាក្សានៅកិច្ចប្រជុំគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ដោយចាត់ទុកថាជារបៀបវារៈអាទិភាព។

ជាមួយគ្នានេះលោកជំទាវ អ៊ាត សោភា បានរំលឹកផងដែរថា កិច្ចប្រជុំពិសេសលើកទី១ ក៏បានប្រគល់ភារកិច្ចឱ្យអភិបាលខេត្តបន្ទាយមានជ័យ និងអភិបាលខេត្តស្រះកែវសម្របសម្រួលគ្នា ដើម្បីគ្រប់គ្រងស្ថានការណ៍នៅទីតាំងផ្ទាល់ប្រកបដោយសន្តិវិធី រួមបញ្ចូលទាំងការបញ្ឈប់រាល់សកម្មភាពដែលពង្រីកទំហំវិវាទ និងបង្កើនភាពតានតឹង ដោយរង់ចាំដំណោះស្រាយរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ។

លោកជំទាវ អ៊ាត សោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់សមាជិក អង្គទូត ដែលមាននិវេសនដ្ឋានក្នុងនិងក្រៅប្រទេសកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ដែលតែងតែគាំទ្រយ៉ាងពេញទំហឹងចំពោះបទឈប់បាញ់រវាងកម្ពុជានិងថៃ និងជំរុញឱ្យភាគីទាំងពីរដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជៀសវាងការប្រើប្រាស់និងការគំរាមប្រើប្រាស់កម្លាំង និងស្ដារឡើងវិញនូវប្រក្រតីភាព នៃទំនាក់ទំនងឱ្យបានឆាប់រហ័ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង