សម្ដេចតេជោ៖កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនមួយនិងចាត់ទុកហុងកុងតៃវ៉ាន់ទីបេស៉ីនជាំងជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានអះអាងថា កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនមួយ និងចាត់ទុកហុងកុង តៃវ៉ាន់ ទីបេ ស៉ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន។
ការថ្លែងបែបនេះរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញ ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «កម្ពុជាប្រកាន់ខ្ជាប់គោលនយោបាយចិនមួយចាត់ទុកបញ្ហាហុងកុង តៃវ៉ាន់ ទីបេ ស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ចិន»។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីការគាំទ្រគំនិតផ្តួចផ្តើមនានារបស់មិត្តចិន រួមមាន គំនិតផ្តួចផ្តើម ខ្សែ ក្រវាត់និងផ្លូវ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ហើយមានជំនឿយ៉ាងមុតមាំថា គំនិតផ្តួចផ្តើមទាំងនេះ នឹងរួមចំណែកក្នុងការថែរក្សាផលប្រយោជន៍សកល អភិវឌ្ឍសកល និងពងឹ្រងគោលដៅអភិវឌ្ឍដោយចីរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីរួមថែរក្សាសន្តិភាព សន្តិសុខ និងភាពសុខដុម។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដទៀតថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមិត្តចិន ក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ រួមមាន កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន មេគង្គ-ឡានឆាង មហាអនុតំបន់មេគង្គ (GMS) និងអង្គការសហប្រជាជាតិជាដើម ដើម្បីចូលរួមចំណែកថែរក្សាសន្តិភាព សិ្ថរភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោក៕

