ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី៖ «ឆន្ទៈមនសិការនិងការចូលរួមពីប្រជាជនក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរគឺជាកម្លាំងចិត្តដ៏ធំធេងមិនអាចកាត់ថ្លៃបាន»
ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បានថ្លែងថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជនក្នុងកម្មវិធីពិព័រណ៍ផលិតផលខ្មែរ គឺជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន។
ការថ្លែងបែបនេះរបស់លោកប្រធាន បានធ្វើឡើងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ចំពោះមុខអង្គពិធី ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ ដូច្នេះពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមូលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។
ឯកឧត្ដមបានបន្ថែមថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។ លោកសង្កត់ធ្ងន់ថា ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត។
ក្នុងនាមគណៈកម្មការរៀបចំកម្មវិធីពិព័រណ៍ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ម្ចាស់ឧបត្ថម្ភទាំងវិស័យរដ្ឋ និងឯកជន ដែលបានចូលរួមចំណែកឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ព្រមទាំងគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក ក្នុងការរៀបចំកម្មវិធីព្រឹត្តិការណ៍វេទិកានានាកន្លងមក។
ឯកឧត្ដមបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែបដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.៕

