ទីផ្សារអាមេរិកស្រូបយកទំនិញពីកម្ពុជាប្រមាណ៤០% នៃការនាំចេញសរុបដូច្នេះការបង្ក្រាបបទល្មើសបន្លំដើមកំណើតទំនិញជាការងារចាំបាច់បំផុត
ភ្នំពេញ៖ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា៤០% នៃការនាំចេញសរុបរបស់កម្ពុជា គឺការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ជាការងារចាំបាច់បំផុត។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្ដមបណ្ឌិត គុណ ញឹម អញ្ជើញចូលរួមក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នៅសាលាជាតិគយ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥។
វេទិកានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្ដិជាធរមាន ដល់វិនិយោគិនក្នុងវិស័យឧស្សាហកម្មកែច្នៃនាំចេញផលិតផល ទៅទីកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងផ្សព្វផ្សាយសក្ដានុពលទីផ្សារសហរដ្ឋអាមេរិក និងការពង្រឹងអនុលោមភាមភាព ជាពិសេសលើវិធានដើមកំណើតទំនិញ នាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ឯកឧត្ដមបណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីរក្សាទីផ្សារសហរដ្ឋអាមេរិក ដែលស្រូបយកប្រមាណជា ៤០% នៃការនាំចេញសរុបរបស់កម្ពុជា ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលជាកង្វល់និងបញ្ហាដែលបានលើកឡើងដោយសហរដ្ឋអាម៉េរិក គឺជាការងារសំខាន់ និងចាំបាច់បំផុត»។
បន្ថែមពីនោះទៀត ឯកឧត្ដម បណ្ឌិត គុណ ញឹម បានឲ្យដឹងថា ថ្មីៗនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារចម្រុះ ដែលមានសមាសភាពពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ), ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), សភាពាណិជ្ជកម្មកម្ពុជា អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម (ក.ព.ណ) និងតំណាងទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ដើម្បីអនុវត្តវិធានការនេះប្រកបដោយតម្លាភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។
ម្យ៉ាងទៀត ក្រុមការងារនេះត្រូវត្រៀមសហការជាមួយ U.S. Customs and Border Protection (CBP) ក្នុងករណី CBP ចុះអង្កេតដល់ទីតាំងរោងចក្ររបស់គម្រោងវិនិយោគណាមួយ បើមានការសង្ស័យបន្លំដើមកំណើតទំនិញ។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្ដមបណ្ឌិត គុណ ញឹម។
ទន្ទឹមគ្នានេះ ថ្លែងក្នុងវេទិកាស្ដីពី «ការវិនិយោគ និងការធ្វើពាណិជ្ជកម្ម ជាមួយសហរដ្ឋអាម៉េរិក» នេះ ឯកឧត្ដម បណ្ឌិត គុណ ញឹម ក៏បានជម្រាបជូនអង្គវេទិកា ដូចខាងក្រោម៖
១៖ បន្តអនុវត្តដោយម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់បទល្មើសបន្លំដើមកំណើតទំនិញ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល។
២៖ ក្រុមហ៊ុនវិនិយោគផលិតទំនិញនាំចេញទៅទីផ្សារអាមេរិកត្រូវគោរពច្បាប់ និងបទប្បញ្ញតិ្ត ជាធរមាន ជាពិសេសត្រូវអនុលោមតាមវិធានដើមកំណើតទំនិញ ដែលកំណត់ឬតម្រូវដោយប្រទេសនាំចូល។
៣៖ បន្តរៀបចំវេទិកានេះ តាមពេលវេលាសមស្រប ដើម្បីជាយន្តការតាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាព និងស្ថានភាពនៃការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៨ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក សម្រេចបាន៨.៥ពាន់លានដុល្លារ កើនឡើង២៣.៦% ក្នុងនោះកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក ក្នុងតម្លៃ៨.៣ពាន់លានដុល្លារ កើនឡើង២៣.២% និងអាមេរិកនាំចូលមកវិញ ក្នុងតម្លៃ ២៤៣លានដុល្លារ កើនឡើង៣៩.៨%៕

