ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ដ្រីហ៊ុនម៉ានីផ្តល់បទឧទ្ទេសនាមក្នុងវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ជំនាន់ទី២១ «ភាពជាអ្នកដឹកនាំ»

72

ភ្នំពេញ៖ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា  បានអញ្ជើញផ្តល់បទឧទ្ទេសនាមស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» ក្នុងវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី២១ ជូនដល់សមាជិក សមាជិកាគណបក្សប្រមាណ១៤៦នាក់ (ស្រ្តី១៧នាក់) នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា រាជធានីភ្នំពេញ)។

មុនពេលចាប់ផ្តើមខ្លឹមសារ នៃបទឧទ្ទេសនាម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីអត្ថន័យ នៃវិមាន ៧មករា ដែលជាវិមានដ៏ធំស្កឹមស្កៃ ជាទីស្នាក់ការគណបក្សប្រជាជននេះថា វិមាននេះ ជាវិមានដែលបានសាងក្នុងយុគ្គសម័យនៃការអភិវឌ្ឍដ៏រុងរឿងនេះ កើតចេញពីតម្លៃនៃវីរភាព និងការលះបង់របស់ឥស្សរជនជាន់ខ្ពស់ជំនាន់មុន ដែលលោកបានខំប្រឹងប្រែងកសាងស្នាដៃជាប្រវត្តិសាស្ត្រជាច្រើនជូនជាតិមាតុភូមិ ជាពិសេសបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់យើងជាអ្នកជំនាន់ក្រោយ។

ក្នុងនាមជាកម្មាភិបាលមួយរូប និងក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈ ផ្ទាល់ខ្លួនទៅកាន់សិក្ខាកាមទាំងអស់ថា ប្រព័ន្ធរដ្ឋបាលសាធារណៈមានភាពអស្ចារ្យ ប្រសិនបើយើងមានការពិនិត្យ និងសិក្សាឱ្យស៊ីជម្រៅបន្ថែមទៀត យើងគួរតែផ្តល់តម្លៃ និងការគោរពដល់ថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ 

«ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា បានចូលរួមដោះស្រាយ ទិដ្ឋភាពនយោបាយនូវកម្ពុជា ដោយហេតុផលថា យើងបានធ្វើសមាហរណកម្មត្រីភាគី ចូលមកក្នុងក្រសួង ស្ថាប័ន ដែលជារូបមន្តធ្វើឱ្យគ្រប់ភាគីទទួលបានដោយពេញចិត្ត។ការអនុវត្តនយោបាយឈ្នះ ឈ្នះ ក៏មានប្រព័ន្ធរដ្ឋបាលសាធារណៈ បានចូលរួមចំណែកក្នុងមធ្យោបាយមួយផងដែរ ក្នុងមធ្យោបាយជាច្រើនទៀត ដែលមានសម្តេចតេជោ ជាស្ថានិកនៃនយោបាយឈ្នះ ឈ្នះ។ ប្រព័ន្ធរដ្ឋបាលសាធារណៈ ចូលរួមដោះស្រាយបញ្ហាធំៗរបស់កម្ពុជា»។ លោកបានបន្ថែម។

នៅក្នុងបទឧទ្ទេសនាមរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នារសៀលថ្ងៃទី៣តុលានេះត្រូវបានបែងចែកជា ៣ផ្នែក៖ ផ្នែកទី១៖ ការរំលឹកនូវប្រវត្តិ និងការកកើតនៃវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់កន្លងមក និងសម្រេចបាននូវលទ្ធផលជាច្រើន រហូតមកដល់ពេលបច្ចុប្បន្ន, ផ្នែកទី២៖ ការរៀបរាប់អំពីកិច្ចការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងផ្នែកទី៣៖ សមិទ្ធផលដែលក្រសួងមុខងារសាធារណៈ សម្រេចបានជាច្រើនគួរជាទីមោទនៈ ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងនោះឯកឧត្ដមបានរំលេចពីការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិជំរុញការ អនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋ បាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) ដែលដឹកនាំអនុវត្តដោយក្រសួងមុខងារសាធារណៈ។

ទន្ទឹមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមថា ការពិនិត្យឡើងវិញ និងការវិភាគមុខងារ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យសុខភាពនៃប្រព័ន្ធរដ្ឋបាលសាធារណៈកម្ពុជា ដែលអនុវត្តនៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធនឹងមុខងារ សេវា រចនាសម្ព័ន្ធ អភិក្រមនៃធនធានមនុស្ស ទៅតាមរយៈវាយតម្លៃ កែតម្រូវ ចំណុចខ្វះខាត ដើម្បីពង្រឹងសមត្ថភាព ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម។ ការងារដែលជាការងារអាទិភាពមួយទៀត គឺការអនុវត្តយុទ្ធនាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការជំរឿនមន្រ្តីជាក់ស្តែងនៅតាមគ្រឹះស្ថាន សិក្សាសាធារណៈ, នៅតាមអង្គភាពសុខាភិបាលមូលដ្ឋាន ដែលចាប់ផ្តើមនៅភូមិសាស្ត្ររាជធានីភ្នំពេញ និងនៅតាមក្រសួងស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ ដែលនឹងអនុវត្តនាពេលឆាប់ៗខាងមុខនេះ។ 

លើសពីនេះ ឯកឧត្ដមបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ចូលរួមផ្សព្វផ្សាយពីគោលបំណងពិត ប្រាកដនៃការធ្វើជំរឿន ដោយក្នុងនោះដែតឯកឧត្ដមបានផ្តាំផ្ញើថា ស្មារតីនៃការធ្វើជំរឿននាពេលនេះ គឺមិនមែនមានគោលបំណង ដើម្បីស្វែងរកកំហុស និងមិនមែនជាការឈានដល់ការវះកាត់នោះទេ តែការធ្វើជំរឿន គឺដើម្បីកំណត់បានទិន្នន័យច្បាស់លាស់អំពីរចនាសម្ព័ន្ធមន្រ្តីជាក់ស្តែង ដែលទិន្ន ន័យទាំងអស់ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្ស ការបែងចែកថវិកា និងការរៀបចំគោលនយោបាយនានាឱ្យមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង