ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួងស្រេងណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅរបស់ពួកគាត់

91

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅរបស់ពួកគាត់ ពោលគឺ បើពួកគាត់ខ្វះខាតពិតមែន ត្រូវតែជួយសម្រួលជួយពួកគាត់។

  ការណែនាំបែបនេះ របស់ឯកឧត្ដមឃួង ស្រេង បែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់អូរឬស្សីទី១និងអូរឬស្សីទី ២ខណ្ឌ៧មករា ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាល នាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៧ តុលាឆ្នាំ២០២៥នេះ នៅសាលាប៊ែលធីគ្រុប។

  ឯកឧត្ដមឃួង ស្រេង បានលើកឡើងទៀតថា៖ ក្នុងនាមជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ការងារចំពោះមុខ គឺការមើលថែជីវភាព របស់ប្រជាពលរដ្ឋ ក៏ដូចកូនចៅសមាជិកក្រុមប្រឹក្សា កងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ កងកម្លាំងប្រជាការពារសង្កាត់ ដោយមើលទាំងការហូបចុកនិង ការសិក្សារៀនសូត្រ សំរាប់កូនចៅពួកគាត់ ពោលគឺ បើខ្វះការហូបចុកត្រូវផ្តល់ស្បៀងជូនពួកគាត់ ហើយបើកូនចៅគាត់ មិនមានប្រាក់គ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ នៅមហាវិទ្យាល័យ គួរត្រូវបានផ្តល់អាហាររូបករណ៍ជូនពួកគាត់។  បើយើហចង់អភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចំរើន គឺត្រូវការធនធានមនុស្សជាដាច់ខាត់ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបណ្តុះបណ្តាធនធានមនុស្សនេះ។

  ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការកោតសរសើរផងដែរ ចំពោះ សមាជិក សមាជិកាបក្សនិងប្រជាពលរដ្ឋ បើទោះបីបានចាកចេញពីមូលដ្ឋានរបស់ខ្លួនរស់នៅក្តី ប៉ុន្តែនៅពេលបោះឆ្នោត ពួកគាត់តែងបានវិលត្រឡប់មកវិញ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនៈរហូតមក។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលថ្នាក់ដឹកនាំបក្ស នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តមកសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី មានសុខ រួមសុខ មានទុក្ខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋឡើយ។ ជាក់ស្តែងនៅពេលជួបបញ្ហាជាមួយថៃ កន្លងមថ្នាក់ដឹកនាំរបស់យើងប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។

   ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ យើងត្រូវដឹងថា អ្នកជិតខាងរបស់យើងគេមិនចង់ឱ្យប្រទេសយើងរីកចំរើន និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឡើយ។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នាជាធ្នុងមួយ ជាមួយនិងការមិនប្រើប្រាស់របស់គេ ដើម្បីឱ្យកម្ពុជាសំរេចបានជោគជ័យ ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ឱ្យបាន។

   ឯកឧត្ដម ឃួង ស្រេង បានបន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណា ឱ្យគណបក្សប្រជាជនកម្ពុជា សម្រេចបានមហិច្ចតារបស់គណបក្ស គឺដឹកនាំប្រទេសជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង