ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឯក ឃុនដឿន ៖អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចេះច្នៃប្រឌិត ក្នុងការរៀបចំផែនការ ដើម្បីយកថវិកា ពីគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព 

103

ភ្នំពេញ៖ឯកឧត្ដមឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញបានស្នើឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ចេះច្នៃប្រឌិត រៀបចំផែនការ ក្នុងការយកថវិកា ពីគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល យកទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ទៅតាមការចង់បានរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

  ការស្នើបែបនេះរបស់ឯកឧត្ដម ឯក ឃុនដឿន បានធ្វើឡើង ខណៈឯកឧត្ដមអញ្ជើញជាអធិបតីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងអង្គសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ នាព្រឹកថ្ងៃទី០៨ តុលាឆ្នាំ២០២៥នេះ នៅសាលាខណ្ឌទួលគោក។

  ឯកឧត្ដម ឯក ឃុនដឿន បានមានប្រសាសន៍លើឡើងថា៖ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចេះច្នៃប្រឌិត ក្នុងការរៀបចំផែនការ ដើម្បីយកថវិកា ពីគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលទៅប្រើប្រាស់ឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ពិសេសគឺឱ្យចំគោលដៅ ដែលប្រជាពលរដ្ឋចង់បាន។ មិនមែនធ្វើឱ្យតែរួចៗខ្លួននោះទេ ឯកឧត្ដម ឯក ឃុនដឿន បានលើកជាឧទាហណ៍ថា យើងមិនអាចយកថវិកា ពីគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល ទៅប្រើប្រាស់តែលើការស្ថាបនាផ្លូវតែមួយខ្សែ ហើយអស់ថវិកានោះទេ យើងត្រូវចេះច្នៃប្រឌិតនិងគិតគូឱ្យបានគ្រប់ជ្រុងជ្រោយពីការប្រើប្រាស់ថវិកាទាំងនេះ។មិនមែនសូម្បីតែ ត្រូវការស្តារលូរំដោះការលិចលង់នៅក្នុងមូលដ្ឋាន ក៏យើងមិនមានថវិកាក្នុងការស្តារនោះទេ។

  ឯកឧត្ដមឯក ឃុនដឿន បានមានប្រសាសន៍ទៀតថា៖ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់សង្កាត់ ខណ្ឌនេះឡើង មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៥ របស់រដ្ឋបាលខណ្ឌ ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៦ របស់រដ្ឋបាលសង្កាត់ និងការស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍របស់សង្កាត់ និងខណ្ឌ។

  ឯកឧត្ដមបន្តថា៖ ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្តើមពី ថ្ងៃទី៦ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅតាមសាលាខណ្ឌនីមួយៗ ។

   ឯកឧត្ដមឯក ឃុនដឿន បន្តថា ការអនុវត្តគម្រោងនៅមូលដ្ឋានពិតជាត្រូវការការចូលរួមដោយខ្វះមិនបានពីតួអង្គសង្គមពាក់ព័ន្ធនានា ដែលរួមមាន មន្ទីរជំនាញ, សមាគម-អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍ វិស័យឯកជន ក៏ដូចជាសប្បុរសជនផងដែរ។  

  លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងដែរថា៖ សិក្ខាសាលាសមាហរណកម្មនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៦-២០២៨ របស់សង្កាត់ ខណ្ឌ បានរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍៥ឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលចាំបាច់ត្រូវមានការចូលរួមគាំទ្រពី សំណាក់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន។ ការរៀបចំគម្រោងផែនការអភិវឌ្ឍន៍ ខណ្ឌ និងសង្កាត់ ទទួលបានជោគជ័យ លុះត្រាតែមានការចូលរួម និងគាំទ្រពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរ អង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសប្បុរសជននានា។

  គួរបញ្ជាក់ថា៖ ការអនុវត្តគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌទួលគោក ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលាសមាហរណកម្មឆ្នាំ២០២៤ ដែលបានអនុវត្តឆ្នាំ២០២៥នេះ និងគម្រោងជា អាទិភាពសម្រាប់ឆ្នាំ២០២៦ ទទួលបានការគាំទ្រសរុបចំនួន ៨៥ គម្រោង អនុវត្តសម្រេចបាន ៨៣គម្រោងស្មើ៩៧,៦% ក្នុងនោះរួមមាន៖ផ្នែកសេដ្ឋកិច្ចចំនួន ២០ គម្រោង លើ ២១គម្រោង។

ផ្នែកសង្គមកិច្ចចំនួន ២៩ គម្រោង លើ ២៩គម្រោង។

ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន១៤ គម្រោង លើ ១៥ គម្រោង។

ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈចំនួន២០គម្រោង លើ២០គម្រោង។

    គម្រោងជាអាទិភាព ឆ្នាំ២០២៦ មានចំនួន ៨៥គម្រោង ក្នុងនោះរដ្ឋបាលខណ្ឌមានថវិកាគាំទ្រ ចំនួន ២៤គម្រោង និងគម្រោងដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្ម

នាពេលនេះ មានចំនួន៥៩គម្រោង ក្នុងនោះរួមមាន៖ផ្នែកសេដ្ឋកិច្ចចំនួន២២ គម្រោង,ផ្នែកសង្គមកិច្ចចំនួន ២៨គម្រោង,ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថានចំនួន ១៦គម្រោង,ផ្នែកសេវាកម្ម រដ្ឋបាល និងសន្តិសុខចំនួន ១៩គម្រោង៕

អត្ថបទដែលជាប់ទាក់ទង