ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាថ្កោលទោសចំពោះទង្វើរំលោភបំពានរបស់ថៃលើបូរណភាពទឹកដីអធិបតេយ្យកម្ពុជានិងសិទ្ធិមនុស្ស, សកម្មភាពឈូសឆាយនៅព្រៃចាន់រំលោភលើកិច្ចព្រមព្រៀងចំនួន៤

92

ភ្នំពេញ៖អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមប៉ែន បូណា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងសេចក្ដីថ្លែងការណ៍ បានប្រកាសថ្កោសទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរំលោភបំពានរបស់អាជ្ញាធរថៃ មកដែនអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសិទ្ធិមនុស្សមកលើប្រទេសកម្ពុជា យ៉ាងកម្រោល និងយ៉ាងគឃ្លើនបំផុត តាមរយៈការអនុវត្តច្បាប់របស់ថៃមកលើដែនអធិបតេយ្យកម្ពុជា។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា, សកម្មភាពរាវមីននេះ ត្រូវបានកងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានស្នើឲ្យភាគីថៃផ្អាក ដើម្បីរង់ចាំការបង្កើតនីតិវិធីប្រតិបត្តិ (SOP) រវាងភាគីទាំងពីរ ប៉ុន្ដែភាគីថៃនៅតែបំពាន។ សកម្មភាពរំលោភបំពាននេះ ត្រូវបានកត់ត្រាដោយក្រុមអ្នកសង្កេតការណ៍បណ្ដោះអាសន្ន (IOT) ដែលមានវត្តមាននៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ឯកឧត្ដម ប៉ែន បូណា បានអះអាងទៀតថា សកម្មភាពរបស់កម្លាំងសមត្ថកិច្ចចម្រុះរបស់ថៃ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ៖

ទី១៖ រំលោភលើកិច្ចព្រមព្រៀងឈប់បាញ់៖ ភាគីទាំងពីរបានឯកភាពលើបទឈប់បាញ់ភ្លាមៗ ដោយឥតលក្ខខណ្ឌ នៅក្នុងចំណុចទី១ នៃការព្រមព្រៀងបទឈប់បាញ់ដែលបានធ្វើឡើងនៅប្រទេសម៉ាឡេស៉ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលមានន័យថា ភាគីទាំងពីរត្រូវរក្សាទីតាំងដែលខ្លួនឈរជើងនៅពេលបទឈប់បាញ់ចូលជាធរមាន។

ទី២៖ រំលោភលើស្មារតីនៃកិច្ចប្រជុំ GBC និង RBC៖ ភាគីទាំងពីរបានឯកភាពថា ត្រូវរក្សាកងទ័ពឲ្យនៅទីតាំងដើមដែលខ្លួនកាន់កាប់ គិតត្រឹមពេលបទឈប់បាញ់ចូលជាធរមាន ដោយមិនត្រូវមានការចល័តកងកម្លាំង រួមទាំងការល្បាតផង សំដៅទៅកាន់ទីតាំងភាគីម្ខាងទៀតដែលមានចែងក្នុងចំណុច២ នៃ GBC។ ភាគីទាំងពីរមិនត្រូវប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទ ដែលនាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋស៉ីវិល ទ្រព្យសម្បត្តិរបស់ប្រជាជនស៉ីវិលដែលមានចែងក្នុងចំណុច៥ នៃ GBC។ ភាគីទាំងពីរបានឯកភាពគ្នា មិនពង្រីកវិសាលភាព និងទំហំនៃវិវាទ រួមបញ្ចូលទាំងសកម្មភាពបង្កហេតុរបស់ទាហាន ឬប្រជាជនដែលអាចនាំឲ្យមានភាពតានតឹង ដូចជា សម្ដីអុជអាល សកម្មរបស់កងទ័ពដែលទន្ទ្រានចូលទីតាំងរបស់ភាគីម្ខាងទៀត នៅពេលបទឈប់បាញ់ចូលជាធរមាន កាលពីពាក់កណ្ដាលអធ្រាត្រម៉ោងក្នុងស្រុក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ទី៣៖ រំលោភលើអនុស្សារណៈនៃការយោគយល់គ្នា ត្រង់ចំណុចទី២ មាត្រា៤ នៃ MoU ឆ្នាំ២០០០ ដែលចែងថា៖ នៅពេលបញ្ចប់ការវាស់វែង និងខ័ណ្ឌសីម៉ាព្រំដែនតំបន់នីមួយៗ អនុស្សារណៈនៃការយោគយល់គ្នាមួយនឹងត្រូវចុះហត្ថលេខាដោយសហប្រធាន នៃគណៈកម្មាធិការចម្រុះព្រំដែន។ ផែនទីដែលបង្ហាញតំបន់ ដែលបានបញ្ចប់ការងារវាស់វែងខ័ណ្ឌសីម៉ាព្រំដែន ត្រូវចុះហត្ថលេខា និងភ្ជាប់ជាមួយអនុស្សារណៈនៃការយោគយល់នេះ។

ទី៤៖ ជាសកម្មភាពរំលោភលើសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្ដរជាតិ, សិទ្ធិក្នុងការទទួលលំនៅឋាន និងជីវភាពសមរម្យ ដូចមានចែងក្នុងមាត្រា២៥ នៃសេចក្ដីប្រកាសជាសកល ស្ដីពីសិទ្ធិមនុស្ស និងមាត្រា១១.១ នៃកតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គម វប្បធម៌ និងសិទ្ធិលើកម្មសិទ្ធិ មាត្រា១៧ នៃសេចក្ដីថ្លែងការណ៍សកល ស្ដីពីសិទ្ធិមនុស្ស ដែលហាមមិនឲ្យជនស៉ីវិលចេញពីផ្ទះសម្បែងដោយបង្ខំ នៅក្នុងបរិបថនៃជម្លោះប្រដាប់អាវុធអន្ដរជាតិ មាត្រា៤៩ នៃអនុសញ្ញាទី៤ ទីក្រុងហ្ស៉ីណែវ ឆ្នាំ១៩៤៩ និងវិធាន២៩ ក នៃច្បាប់ទំនៀមទម្លាប់មនុស្សធម៌អន្ដរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើរំលោភបំពានរបស់អាជ្ញាធរថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ដែលមិនអាចទទួលយកបាន ហើយជាពិសេសគឺការអនុវត្តច្បាប់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង