ព្រឹទ្ធសភាបង្ហាញលទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ព្រឹទ្ធសភានីតិកាលទី៥ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន
ភ្នំពេញ៖ព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៦០រូប។
តាមសេចក្ដីប្រកាសព័ត៌មាន ដែលទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា អង្គប្រជុំបានដំណើរការ ដោយមានរបៀបវារៈតែមួយគឺ ស្ដាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃការបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩:០០នាទី ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។
អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ស្ដាប់របាយការណ៍សង្ខេបរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យ ប្រជុំលើកទី៣ និងលើកទី៤ នីតិកាលទី៥។
ក្នុងអំឡុងពេលបីខែនៃចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភានីតិកាលទី៥ (៧ កក្កដា-៦តុលា ២០២៥) ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកាព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំ បំពេញការងារជាប្រក្រតីក្នុងព្រឹទ្ធសភា និងសកម្មក្នុងការចុះប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការឧបត្ថម្ភគាំទ្រ និងលើកទឹកចិត្តកងកម្លាំង វីរយុទ្ធជនការពារជាតិជួរមុខ និងជនភៀសសឹកនៅតាមបណ្តាខេត្តនៅព្រំដែន ដោយសម្រេចបាន លទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ មានជាអាទិ៍៖
មុខងារនីតិកម្ម គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំចំនួន៧លើក និង ប្រជុំព្រឹទ្ធសភាជាវិសាមញ្ញចំនួន៤លើក ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីស្នើច្បាប់ចំនួន១ សេចក្តីព្រាងច្បាប់ចំនួន៣ និងបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចំនួន១រូប តំណាងឱ្យព្រឹទ្ធសភា។
ក្រៅពីបំពេញការងារលើមុខងារនីតិកម្ម គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្ត ទុកដាក់បំពេញការងារយ៉ាងសកម្មដោយបានជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននានា៕

