ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីហ៊ុនម៉ាណែត៖កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ

100

ភ្នំពេញ៖នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងឆ្លើយតបនឹង ការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាព នាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី ដោយសម្តេចបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ។

តាមសំណេរនៅលើបណ្តាញសង្គមរបស់សម្តេចធិតបី ហ៊ុន ម៉ាណែត នាថ្ងៃទី១៩ ខែតុលាឆ្នាំ២០២៥មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖
 កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌ និងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ 
កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណ និងក្រមប្រតិបត្តិនានាសម្រាប់បង្កើត និងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ 

ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ មិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែនក៏មិនមែនបានន័យថា ភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ 

ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ កម្ពុជានិងថៃ។ 

សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា៖ 
១. កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ) ដែលនឹងធ្វើអោយបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ 
២. រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ៕

អត្ថបទដែលជាប់ទាក់ទង