ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម ឃួងស្រេងណែនាំឱ្យ ចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធីសង្កាត់ឱ្យចំគោលដៅ មានសាមគ្គីភាពផ្ទៃក្នុងល្អ បម្រើប្រជាពលរដ្ឋឱ្យល្អដើម្បីរួមគ្នាដណ្តើមយកជ័យជំនៈឱ្យបានក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខ

102

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានណែនាំឱ្យ ចៅសង្កាត់ប្រើប្រាស់ថវិកាមូលនិធីសង្កាត់ឱ្យចំគោលដៅ មានសាមគ្គីភាពផ្ទៃក្នុងល្អ បម្រើប្រជាពលរដ្ឋឱ្យល្អដើម្បីរួមគ្នាដណ្តើមយកជ័យជំនៈឱ្យបានក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខនិង សម្រេចបានមហិច្ចតា របស់គណបក្សប្រជាជន នោះគឺ ដឹកនាំប្រទេសជារៀងរហូត។ 

   ការណែនាំបែបនេះរបស់ ឯកឧត្ដមឃួង ស្រេង បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង នៅសាលាប៊ែលធី ខណ្ឌបឹងកេងកង នាល្ងាចថ្ងៃទី២២ តុលា ក្រោយបញ្ចប់ម៉ោងការងាររដ្ឋបាល។

   ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា៖ មន្ត្រីបក្សត្រូវតាមដានស្ដាប់ឱ្យបាននូវឧបាយកលរបស់គណបក្សដ៏ទៃ។ មន្ត្រីបក្សមូលដ្ឋាន គឺជាឃោសនិកដ៏ឧត្ថុងឧត្ដមរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវយកគោលនយោបាយរបស់បក្ស និងអំពើល្អៗរបស់មេដឹកនាំបក្សរបស់យើង ទៅផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ជ្រោតជ្រាបកាន់តែច្បាស់ ធ្វើយ៉ាងណាឱ្យពួកគាត់កាន់តែពេញចិត្តពេញថ្លើម បន្តគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីឈានឆ្ពោះទៅយកជ័យជំនៈក្នុងការឈ្នះឆ្នោតនៅឆ្នាំ២០២៧និងឆ្នាំ២០២៨ និងសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ ហៅថាជាប្រទេសអ្នកមាននៅឆ្នាំ ២០៥០ ដែលនេះជាបំណងប្រាថ្នាចង់បានរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

  ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ យើងពិតជាមានមោទនភាព ដែលមានថ្នាក់ដឹកនាំដ៏ឆ្នើមនោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចបវរអធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ យើងត្រូវជឿទុកចិត្តលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។សម្តេចទាំងទ្វេបានប្តេជ្ញាចិត្តយ៉ាងដាច់ខាតក្នុងកិច្ចការពារបូរណៈភាពទឹកដី មិនឱ្យបាត់បង់មួយមីលីម៉ែត្រឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ហើយថា៖ បើបងប្អូនប្រជាពលរដ្ឋយើងស្រឡាញ់ជាតិ «កុំប្រើប្រាស់លុយបាតនិងទំនិញរបស់ថៃ»។

ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានណែនាំ ប្រធានគណៈកម្មាធិការគណបក្ស សង្កាត់បឹងកេងកងទី១និងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកងខិតខំកសាងសមាជិកបក្ស រកអ្នកបន្តវេនបក្សនៅថ្នាក់មូលដ្ឋាន ដោយឱ្យយកសម្ដេចតេជោធ្វើជាគំរូដ៏ល្អ។ចៅសង្កាត់ចាស់ៗឬសមាជិកក្រុមប្រឹក្សាចាស់ហើយត្រូវរកយុវជនវ័យក្មេងមានឋាមពលមកបន្តវេនដែលមានឧបនិស្ស័យបម្រើប្រជាពលរដ្ឋមកធ្វើជាចៅសង្កាត់ឬសមាជិកក្រុមប្រឹក្សាជំនួស។

ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ទៀតថា៖ឪពុកម្ដាយខ្មែរយើងខិតខំរកស៊ីធ្វើការងារនិងធ្វើអ្វីៗទាំងអស់ដើម្បីកូន ចៅ ជំនាន់ក្រោយហើយសម្ដេចតេជោហ៊ុន សែន ប្រធានគណបក្ស

ប្រជាជនកម្ពុជាបានធ្វើអ្វីដើម្បីយុវជនបន្តវេនរបស់បក្សដើម្បីដឹកនាំប្រទេសដើរទៅដល់ឆ្នាំ២០៥០កម្ពុជាក្លាយជាប្រទេសមានចំណូលកំរិតខ្ពស់ឬក្លាយជាប្រទេសអ្នកមានដូចអរយប្រទេសដែរ។សម្ដេចតេជោបានរៀបចំយុវជនបន្តវេនជាការងារសំខាន់សម្រាប់គណបក្សប្រជាជនកម្ពុជា។យើងត្រូវរួមគ្នាការពារថែរក្សាការពារសន្តិភាពនេះឱ្យបានគង់វង់ដោយយើងបាត់បង់ជាង៥០០ឆ្នាំមកហើយដែលសន្តិភាពនេះសម្ដេចតេជាខំស្វែងរកបានដោយលំបាកដោយយកជីវិតធ្វើដើមទន់តស៊ូដ៏អង់អាចក្លាហានដើម្បីរំដោះជាតិនិងប្រជាជន។

ឯកឧត្ដម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះ មន្ត្រីគណបក្សខណ្ឌ សង្កាត់ ក្នុងខណ្ឌបឹងកេងកងដែលបានរួមចំណែក ធ្វើឱ្យគ្រប់នៃការបោះឆ្នោតទទួលជ័យជំនៈរហូតមក ហើយការជួបជុំសំណេះ សំណាលគ្នានាថ្ងៃនេះ គឺដើម្បីពិភាក្សា ពិគ្រោះយោបល់ រកចំណុចខ្លាំង ចំណុចខ្សោយ ធ្វើយ៉ាងណាឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧និង២០២៨ខាងមុខនិងសម្រេចបានមហិច្ចតារបស់គណបក្ស នោះគឺ ដឹកនាំប្រទេសជារៀងរហូត។ 

  ក្នុងឱកាសនោះដែរ ទាំងចៅសង្កាត់និងមេភូមិនីមួយៗ បានលើកឡើងពី សមិទ្ធផលរបស់បក្សដែលសម្រេចបាន ជាមួយនិងការលើកឡើងពីផែនការសកម្មភាពដែលបាននិងកំពុងអនុវត្ត ដូចជា ការខិតខំកសាងសមាជិកបក្ស រកអ្នកបន្តវេនបក្សនៅថ្នាក់មូលដ្ឋាន ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យបានល្អជាដើម។ បន្ថែមពីនេះក៏បានលើកឡើងពីការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះចោរសៀមឈ្លានពានទឹកដីកម្ពុជានិងសកម្មភាពអមនុស្សធម៌ បំពារបំពាន រំលោភសិទ្ធិមនុស្ស មកលើប្រជាពលរដ្ឋខ្មែរស្លូតត្រង់រស់នៅតាមព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង