ច្បាប់ថវិកាឆ្នាំ២០២៦គ្រោងចំណាយថវិការដ្ឋប្រមាណ១០ពាន់លានដុល្លារផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ប៊ីលានរៀល ស្មើនឹងប្រមាណ ១០ពាន់លានដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន, សេចក្តីព្រាងច្បាប់នេះ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើងដោយផ្តល់អាទិភាព លើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ ព្រមទាំងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៦ ជាពិសេសគាំទ្រការបន្តអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ និងអាទិភាពគន្លឹះទាំង៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីឆ្លើយតបទៅនឹងទិសដៅនៃការអភិវឌ្ឍរបស់កម្ពុជាក្នុងដំណាក់កាលថ្មី ទាំងក្នុងក្របខ័ណ្ឌផ្ទៃក្នុងប្រទេស ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។
តាមរយៈច្បាប់ថវិកាជាតិនេះ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ ប៊ីលានរៀល ស្មើនឹង ១៨,៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។ តាមការវាយតម្លៃ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,២% សម្រាប់ឆ្នាំ២០២៥ និងប្រមាណ ៥,០% សម្រាប់ឆ្នាំ២០២៦ ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ៣ ០២០ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ២ ៨៥៨ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ កំណើនសេដ្ឋកិច្ចឆ្នាំ២០២៦ ត្រូវបានគាំទ្រដោយវិស័យ និងអនុវិស័យ ជាចន្ទល់ជំរុញកំណើន រួមមាន ១. វិស័យឧស្សាហកម្ម ២. វិស័យសេវាកម្ម ៣. វិស័យកសិកម្ម ដែលបន្តគាំទ្រដោយអនុវិស័យនេសាទ និងការចិញ្ចឹមសត្វ។ អត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៨%៕
