ឯកឧត្ដមឃួង ស្រេង ផ្ញើរសារលិខិតថ្វាយព្រះពរ
ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញសូមក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នាទិវាដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ក្នុងឱកាសគម្រប់ខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្នុងវរោកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះសព្ទសាធុការ ពរជ័យដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គក្នុងព្រះបរមសិរីរាជសម្បត្តិដ៏ពិសិដ្ឋ បានយកព្រះទ័យទុកដាក់បំពេញនូវព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តម ប្រកបដោយព្រះទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ និង ព្រះមនុស្សធម៌ដ៏ត្រជាក់ក្សេមក្សាន្តសម្បូរសប្បាយ ធ្វើឱ្យប្រជារាស្ត្រនៅទូទាំងប្រទេសរស់នៅប្រកបដោយសេចក្តីសុខក្សេមក្សាន្ត ក្រោមម្លប់នៃ “សន្តិភាព” ស្ថិរភាព នឹងការអភិវឌ្ឍ។ ជាពិសេស ក្រោមព្រះរាជតម្រិះដឹកនាំ ប្រកបដោយព្រះរាជគំរូវីរភាព ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលទាំងក្នុងនីតិកាលកន្លងមក ក៏ដូចជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ធ្វើឱ្យជាតិមាតុភូមិ បន្តអភិវឌ្ឍឈានឡើងឥតឈប់ឈរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ស្ថិតក្នុងវេលាដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្តែងថ្វាយនូវព្រះ សព្ទសាធុការពរជ័យ និងសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ-ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
សូម ព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្ដីភាពដ៏ស្មោះស្ម័គ្រ និង អភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕
