ឯកឧត្ដមឃួង ស្រេង ផ្ញើរសារលិខិតអបអរសាទរ ចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃទីក្រុងគូឡាឡាំពូ
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីរំភើប ឥតខុបមាចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពូ” រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅទីក្រុងគូឡាឡាំពូ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ភាពជោគជ័យ នៃការចុះសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ នេះ គឺជាសក្ខីភាពឆ្លុះ បញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយវីរិយភាព ភាពចាស់ទុំ និងអត់ធ្មត់ខ្ពស់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែល បានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព បូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ជាពិសេសការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពជោគជ័យ ស្របតាមយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” តាមរយៈការប្រកាន់យកនូវគោលជំហរដោះស្រាយដោយប្រើយន្តការច្បាប់អន្តរជាតិ និងការទូត សំដៅកាត់បន្ថយឱ្យបាន ជាអតិបរមានូវផលប៉ះពាល់ដល់ប្រជាជន និងសង្គមជាតិទាំងមូល។
យើងខ្ញុំទាំងអស់គ្នា សូមយកឱកាសដ៏វិសេសវិសាលនេះ ធ្វើការសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបាននូវ ស្នាដៃដ៏ធំធេងជាប្រវត្តិសាស្ត្រ ក្នុងការប្រែក្លាយតំបន់ព្រំដែនដែលមានជម្លោះឱ្យទៅជាតំបន់មានសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍រួម ដែលជាកិត្តិយសរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងសូមបួងសួងដល់ គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូម ជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្តេចធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានសមប្រកបតែនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
