ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមហ៊ុនម៉ានី៖ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារជាយន្តការពិសេសថ្មីមួយរបស់រាជរដ្ឋាភិបាល

65

បាត់ដំបងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីផ្អែក លើកិច្ចព្រមព្រៀងការងារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមសុខ លូ អភិបាលខេត្តបាត់ដំបង ដែលប្រារព្ធធ្វើឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមានសិក្ខាកាមសរុបចំនួនប្រមាណ៣០០នាក់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ការជ្រើសរើស មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាយន្តការពិសេសថ្មីមួយរបស់រាជរដ្ឋាភិបាល នឹងជួយលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈម ដែលមានក្នុងប្រព័ន្ធមុខងារសាធារណៈបែបអាជីព នាពេលបច្ចុប្បន្ន ដូចជាបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រី កង្វះមន្ត្រីមានជំនាញពិតប្រាកដ ការអភិវឌ្ឍសមត្ថភាពមន្ត្រី ឱ្យស្របតាមការវិវត្តនៃសង្គម។ ការអនុវត្តបែបនេះ គឺជាកិច្ចការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការនៃការកែទម្រង់ឆ្ពោះទៅកាន់ការគ្រប់គ្រង មុខងារសាធារណៈ ផ្អែកលើសមិទ្ធកម្ម»។ 

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា «យន្តការថ្មីនេះ ជារបៀបនៃការគ្រប់គ្រងធនធានមនុស្ស បែបប្រព័ន្ធនិយោជន៍ ដែលជារបៀបនៃការអនុវត្ត យ៉ាងទូលំទូលាយ ក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ នាពេលបច្ចុប្បន្ន។ ការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងដំណាក់កាលនេះ គឺជាការផ្លាស់ប្តូរមួយក្នុងទ្រង់ទ្រាយធំ និងមុតស្រួច ដែលមិនត្រឹមតែ ការកសាងលិខិតបទដ្ឋានគតិយុត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរតែប៉ុណ្ណោះទេប៉ុន្តែជាការផ្លាស់ប្តូរផ្នត់គំនិត ការបញ្ជ្រាបទស្សនាទាន និងការបង្កើនចំណេះដឹង ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាជនខ្មែរ ដើម្បីបង្កើនការគាំទ្រ ការចូលរួម និងជំនឿទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល»។ 

សូមជម្រាបថា សិក្ខាសាលាពេញមួយថ្ងៃនេះ នឹងមានការរៀបចំបទបង្ហាញចំនួន៣ រួមមាន៖ 

ទី១៖ ទស្សនាទានគោលនយោបាយក្នុងការកែទម្រង់មុខងារសាធារណៈ
ទី២៖ ការជ្រើសរើស និងការគ្រប់គ្រងផ្អែកលើកិច្ចព្រមព្រៀងការងារ, 
ទី៣៖ ការបំពេញការងាររបស់មន្ត្រី ផ្អែកលើកិច្ចព្រមព្រៀងការងារ។

ក្នុងឱកាសនោះ ដែរឯកឧត្ដម សុខ លូ បានគោរពថ្លែងអំណរគុណចំពោះឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត នៃការជ្រើសរើស និងការគ្រប់គ្រង មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ឬដែលហៅម្យ៉ាងទៀតថា ការជ្រើសរើស និងការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធ និយោជន៍ ដែលជាការបំពេញបន្ថែមពីលើប្រព័ន្ធអាជីពបច្ចុប្បន្នដែលមានស្រាប់ និងជាការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការ ដើម្បីជ្រើសរើសមន្ត្រីឱ្យកាន់តែចំគោលដៅជាមួយគុណវុឌ្ឍ ចំណេះជំនាញ បច្ចេកទេស វិជ្ជាជីវៈច្បាស់លាស់ សំដៅជួយលើកកម្ពស់ប្រសិទ្ធភាព នៃការប្រើប្រាស់មូលធនមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រព័ន្ធ អាជីព ដែលរួមមានបញ្ហាលើស ប៉ុន្តែខ្វះមន្ត្រីនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កង្វះមន្ត្រីមានជំនាញ ពិតប្រាកដឆ្លើយតបនឹងតម្រូវការនៃការងារ និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ស្របតាមការវិវត្ត នៃសង្គម ឥរិយាបថ និងផ្នត់ គំនិតជាដើម៕

អត្ថបទដែលជាប់ទាក់ទង