ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោហ៊ុនសែន អបអរសាទរនិងសូមក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២១នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

104

ភ្នំពេញសម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមគ្រួសារ បានថ្វាយសារលិខិត សូមក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់ ២១ព្រះវស្សា។ 

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ 

បពិត្រ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

ក្នុងឱកាសដ៏មហាមង្គលាភិរម្យឧត្តុង្គឧត្តមនៃព្រះរាជពិធីគម្រប់ខួបលើកទី២១ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមព្រះបរមរាជានុញ្ញាតលំឱនកាយអភិវន្ទ សម្តែងនូវសេចក្តីអំណរសាទរប្រកបដោយ មនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត និងសូមថ្វាយព្រះពរ បវរមហាប្រសើរថ្លៃថ្លា ដើម្បីព្រះអង្គគង់ប្រថាប់ ក្នុងព្រះបរមរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនារបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូប ជាភិយ្យោភាពតរៀងទៅ។

ក្នុងអភិលក្ខិតកាលដ៏វិសេសថ្លៃថ្លានេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមដង្ហែតាមព្រះរាជតម្រិះដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាថ្លៃវិសេសជាអម្ចាស់ ចំពោះការបំពេញព្រះរាជកិច្ចដ៏វិសេសវិសាលថ្លៃថ្លា ដែលបានរួមចំណែកមិនអាចខ្វះបាន ជាពិសេសការលើកកម្ពស់កិត្យានុភាព និងមោទនភាពជាតិទាំងនៅក្នុងតំបន់ និងលើសកលលោក។ 

ជាមួយគ្នានេះដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាគាំទ្រ និងការពារព្រះរាជបល្ល័ង្កជានិច្ច និងសូមសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះព្រះមហាករុណាទិគុណ ព្រះវិសុទ្ធ គុណដ៏ខ្ពង់ខ្ពស់ជាអតិបរមារបស់ ព្រះករុណាថ្លៃវិសេសជាអម្ចាស់ ទ្រង់តែងតែសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវមនោសញ្ចេតនាស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុត ចំពោះទូលព្រះបង្គំជាខ្ញុំ ភរិយា និងក្រុមគ្រួសារជា រៀងរហូតមក។

ជាការឆ្លើយតបចំពោះព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតនេះ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទនកិច្ចថ្វាយព្រះសព្ទសាធុការពរជ័យបវរមហាប្រសើរ និងលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីអតីតព្រះមហាវីរក្សត្រ ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីគ្រប់ព្រះអង្គ សូមយាងបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រទានព្រះរាជសព្ទ សាធុការពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាជាថ្លៃវិសេសជាអម្ចាស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអង្គសម្តេចម៉ែ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេមានព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគារវភក្តីដ៏មហាខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង