នាវាពេទ្យខ្នាតយក្សរបស់ប្រទេសចិនបានបណ្តែតនៅលើសមុទ្រត្រៀមចូលមកចតនៅផែព្រះសីហនុនាឆ្នាំ២០២៦
(ខេត្តជឺជាំង)៖ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅក្រុងថាយចូវ ខេត្តជឺជាំង នាវាពេទ្យខ្នាតយក្ស ដែលមានបណ្តោយ១០០.១៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់១២ម៉ែត្រពីបាតនាវា និងទម្ងន់៥០០០តោន ត្រូវបានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និង មូលនិធិ PEACELAND បានរួមគ្នារៀបចំព្រឹត្តិការណ៍កាត់ខ្សែបូរ ដាក់ឱ្យដំណើរការជាផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយ បណ្តាសង្គមស៊ីវិលកម្ពុជា ក្រោមកិច្ចគាំទ្រពីសមាគមមិត្តភាពកម្ពុជា-ចិន នេះជាបេសកកម្មទី២របស់មូលនិធិ PEACELANDលើវិស័យសុខាភិបាលសាធារណៈនៅកម្ពុជា។ បេសកកម្មនេះគ្រោងនឹងដាក់គោលដៅយកកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជា ធ្វើជាចំណតទី១របស់ខ្លួន។
លោក Wang Ke ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិចិនPEACELAND បានថ្លែងថា ក្រោមកិច្ចសម្របសម្រួលពីសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងបន្ទាប់ពីបានដាក់ឱ្យដំណើរការរថយន្តពេទ្យចល័តខ្នាតធំ នៅកម្ពុជាកាលពីចុងខែមិថុនា ឆ្នាំ២០២៥មក មូលនិធិគ្រោងនឹងរៀបចំបេសកកម្មរបស់ខ្លួននៅកម្ពុជានាដើមឆ្នាំ២០២៦ ក្នុងបេសកកម្មមនុស្សធម៌លើ វិស័យសុខុមាលភាពសាធារណៈ។ លោកក៏បានរំលេចនូវកិច្ចគាំទ្រពីគ្រប់អង្ពពាក់ព័ន្ធនានា ដែលមានសមាគមមិត្តភាពកម្ពុជា-ចិនជាស្នូល ហើយមានអាជ្ញាធរមីនកម្ពុជា និង មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាដៃគូ បានផ្តល់ឱកាសដល់មូលនិធិបានចូលរួមចំណែក ក្នុងបេសកកម្មកម្ចាត់មីននៅកម្ពុជា។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគុណតម្លៃនៃបេសកកម្មរបស់មូលនិធិចិន PEACELAND នៅកម្ពុជា ហើយឯកឧត្តមបានលើកទឹកចិត្តដល់មូលនិធិបន្ត កិច្ចសហការជាមួយអង្គពាក់ព័ន្ធនានា ដើម្បីបុព្វហេតុរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារនិងអភិវឌ្ឍជនបទនៅកម្ពុជា។ ឯកឧត្តម បានសាទរនឹងសមិទ្ធផលនានា ដែលមូលនិធិសម្រេចបាន ហើយបានស្វាគមន៍នាវាពេទ្យនេះទៅកម្ពុជានាដើមឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា នាវាពេទ្យនេះមានបន្ទប់វះកាត់ខ្នាតធំ និងបំពាក់ដោយសម្ភារវេជ្ជសាស្រ្តទំនើបទាន់សម័យ រួមជាមួយការគ្រប់គ្រងដោយប្រព័ន្ធAIផងដែរ។ លើសពីនេះ នាវានេះមានក្រុមគ្រូពេទ្យជំនាញជាច្រើនឯកទេស សម្រាប់បម្រើដល់វិស័យមនុស្សធម៌ខាងសុខភាពសាធារណៈ នៅតាមបណ្តាប្រទេសសកលខាងត្បូង៕
វិទ្យុមិត្តភាពកម្ពុជាចិន
