ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីថ្លែងថា៖គណៈកម្មការរៀបចំការប្រឡងប្រជែងប្រកាន់ខ្ជាប់ជាប្រចាំនូវតម្លាភាពនិងយុត្តិធម៌

123

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី  រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នាព្រឹកថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០២៥ នេះ បានលើកឡើងថា គណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំនូវតម្លាភាព និងយុត្តិធម៌ ។ 

ការថ្លែងអះអាងបែបនេះ បានធ្វើឡើងក្នុងពេលដែលឯកឧត្ដមឧបនាយរដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាល និងជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ។

ពិធីនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់។

មានប្រសាសន៍សំណេះសំណាលជាមួយបេក្ខជនជ័យលាភីទាំងអស់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងអំពី «តម្លាភាព និងយុត្តិធម៌» ក្នុងការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ ដោយក្នុងនោះ ឯកឧត្ដមក៏បានរំលេចផងដែរថា បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានរំលេចបន្ថែមយ៉ាងដូច្នេះថា «នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ»

សូមបញ្ចាក់ថា ក្នុងកម្មវិធីថ្ងៃនេះ ចែកចេញជា ៣វេន ដោយឡែកៗពីគ្នាដូចជា៖ 

វេនទី១៖ ចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ ១០:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តតាកែវ និងខេត្តកំពង់ចាម

វេនទី២៖ ចាប់ផ្តើមពីម៉ោង ១០:៣០នាទី ដល់ ១២:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ

វេនទី៣៖ ចាប់ផ្តើមពីម៉ោង ១៤:០០នាទី ដល់ ១៥:៤៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តព្រៃវែង៕

អត្ថបទដែលជាប់ទាក់ទង