ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងទទួលរងឥទ្ធិពលកម្រិត៣០% ពីព្យុះកាលម៉េហ្គីនឹងធ្វើឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងពីថ្ងៃទី២ដល់ថ្ងៃទី១០ខែវិច្ឆិកា

96

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្ពុជានឹងទទួលរងឥទ្ធិពលកម្រិត៣០% ពីព្យុះ កាលម៉េហ្គី នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា ដែលករណីនេះ នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង ពីថ្ងៃទី២ដល់ថ្ងៃទី១០ខែវិច្ឆិកា នៅទូទាំងប្រទេស។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងនៅកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២៥ ឈ្មោះ កាលម៉េហ្គី (Kalmaegi) T2525 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង សមុទ្រអានដាមម៉ែន អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។

កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះ កាលម៉េហ្គីនេះ នឹងទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី៦ ដល់ទី៨ ខែវិច្ឆិកា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥៖

តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ២៥%។

តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុងកម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៥០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។

ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពី ស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

អត្ថបទដែលជាប់ទាក់ទង