ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុវជនឈ្មោះ«បញ្ញា-Panha» អ្នកផលិតមាតិកានិយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវចេញលិខិតកិច្ចសន្យាចំពោះមុខសមត្ថកិច្ចបញ្ឈប់នូវរាល់ទង្វើប៉ះពាល់ដល់កិត្តិយសខេត្តតាកែវនិងខេត្តដទៃទៀត

114

ភ្នំពេញ៖អ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានធ្វើវីដេអូ និយាយប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ បានចេញលិខិតកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច បញ្ឈប់នូវរាល់ទង្វើរបស់ខ្លូន ប៉ះពាល់ដល់កិត្តិយសខេត្តតាកែវ និងខេត្តដទៃ។ នេះបើតាមកិច្ចសន្យា ដែលទទួលបាននៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងកិច្ចសន្យា បានសរសេរថា «ខ្ញុំបាទឈ្មោះ តែត បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ អាសយដ្ឋានភូមិហាន់ទា ឃុំកំពែង ស្រុកគិរីវ ខេត្តតាកែវ កាន់អត្តសញ្ញាណបណ្ណលេខ ១០១៤៤៧៣២០ លេខទូរស័ព្ទ០៨៦ ២៤ ៨៦ ០០»

លោក តែត បញ្ញា សូមធ្វើការសន្យាចំពោះមុខសមត្ថកិច្ច៖ 

១៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ខេត្តតាកែវ
២៖ បញ្ឈប់នូវរាល់ទង្វើទុច្ចរិតទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តដទៃ
៣៖ មិនធ្វើខ្លួនជាក្មេងទំនើង បង្ករបញ្ហាផ្សេងៗដល់សង្គមជាតិ
៤៖ មិនធ្វើសកម្មភាពទាំងឡាយណាដែលខុស និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
៥៖ ក្នុងករណីដែលខ្ញុំបាទមិនអនុវត្តតាមកិច្ចសន្យាខាងលើ ខ្ញុំបាទយល់ព្រមប្រគល់សិទ្ធិ ជូនសមត្ថកិច្ចចាត់ចែង តាមច្បាប់ជាធរមាន។

សូមជម្រាបថា ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្មចំពោះអ្នកផលិតមាតិកាមួយរូប ឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និងចម្អកទៅដល់អ្នកខេត្តតាកែវ ដែលពួកគាត់ចាត់ទុកថា ការបង្កើតមាតិកាបែបនេះ នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង។

អ្នកបង្កើតមាតិការូបនេះ បានផលិតវីដេអូដើរសួយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ។

បន្ទាប់មកអ្នកផលិតមាតិការូបនេះ ក៏បានចេញវីដេអូមកសុំទោស ដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ចំពោះកំហុសឆ្គងរបស់ខ្លួន ហើយក្រសួងព័ត៌មាន បានអប់រំណែនាំអ្នកផលិតមាតិការូបនោះ រួចរាល់ហើយផងដែរ៕

អត្ថបទដែលជាប់ទាក់ទង