អភិបាលខេត្តកំពង់ធំរួមទាំងប្រជាពលរដ្ឋចូលរួមច្រើនកុះករប្រារព្ធពិធីបណ្តែតប្រទីបនិងសំពះព្រះខែអកអំបុកនៅសួនមាត់ស្ទឹងសែន
កំពង់ធំ៖ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ឌៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត នារាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធពិធីបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងអុជកាំជ្រួច សម្តែងរបាំបង្ហោះគោម ទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ។
ឯកឧត្ដម នួន ផារ័ត្ន បានឱ្យដឹងថា ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាមរតកវប្បធម៌ដូនតាខ្មែរតាំងពីយូរលង់មកហើយ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីនេះ នៅថ្ងៃទី១៤,១៥កើត និង១រោជ ខែកក្ដិក ដែលមានរយៈពេលបីថ្ងៃ ដើម្បីបន់ស្រន់សុំសេចក្តីសុខ និងទឹកភ្លៀង ទៅតាមជំនឿរបស់ប្រជាពលរដ្ឋខ្មែរ, អភិរក្សវប្បធម៌ប្រពៃណីយខ្មែរពីដូនតា, បង្ហាញពីភោគផលដំណាំដាំដុះ របស់ប្រជាកសិករ និងបង្ហាញពីការរីកចម្រើនលូតលាស់គ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម។
ពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានរៀបចំគ្រឿងរន្តាប់ បុសបុក ទៅតាមទម្លាប់ព្រះពុទ្ធសាសនា និងព្រហ្មញសាសនា ព្រមទាំងមានជូនភ្ជាប់ទស្សនីយភាព សម្តែងរបាំ, ពិធីក្រុងពិលីសុំម្ចាស់ទឹកម្ចាស់ដី, ពិធីអុជទៀនធូបថ្វាយព្រះរតនៈត្រៃ បារមីគ្រប់ទិសទី, ពិធីលើកដង្វាយថ្វាយព្រះខែ, ពិធីសម្រក់ទៀនជ័យ , ពិធីដាល់អំបុកជានិម្មិតរូប, ពិធីអកអំបុក, ពិធីបណ្តែតប្រទីប, ពិធីអុជកាំជ្រួច, ពិធីបង្ហោះគោម ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ផងដែរ ។
ជាមួយនឹងការប្រារព្ធពិធីនេះ គេសង្កេតឃើញមានការពង្រាយកម្លាំងសមត្ថកិច្ចដើម្បីរឹតបណ្តឹងសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ ដែលបានមកចូលរួមទស្សនាកម្សាន្តក្នុងពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្តកំពង់ធំឲ្យកាន់តែមានភាពអធិកអធម សប្បាយរីករាយ៕
