អភិបាលរាជធានីភ្នំពេញចេញញត្តិថ្កោលទោស
ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយជាពន់ពេក និងធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពអសីលធម៌ អមនុស្សធម៌ អគុណធម៌ និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលបានធ្វើការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិល ស្លូតត្រង់កម្ពុជា រស់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា ចំនួន ១នាក់បាត់បង់អាយុជីវិត និងរងរបួសចំនួន ៣នាក់។
សកម្មភាពបាញ់ប្រហារដ៏ឃោរឃៅរបស់យោធាថៃមកលើប្រជាពលរដ្ឋស្លូតត្រង់កម្ពុជា គឺជាទង្វើយង់ឃ្នង ព្រៃផ្សៃ អមនុស្សធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតនូវច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាន នៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ជាពិសេសគឺ ការរំលោភបំពានយ៉ាងគឃ្លីនលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដែលបានចុះហត្ថលេខារវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ក្រោមការចូលរួមជាសាក្សីពីសំណាក់ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាមេរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើង នៅទីក្រុងតូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។
ក្នុងន័យនេះ យើងខ្ញុំទាំងអស់គ្នាសូមឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់កម្លាំងមកលើប្រជាពលរដ្ឋ ស្លូតត្រង់កម្ពុជា ក៏ដូចជាការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសកម្មភាពបាញ់ប្រហារដ៏អមនុស្សធម៌នេះ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌របស់យោធាថៃ និងសូមប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការរក្សាជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពូ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅបញ្ចប់ជម្លោះ និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕
