ឯកឧត្ដមឃ្លាំង ហួត លើកឡើងថា៖ខណ្ឌជ្រោយចង្វារ ប្រែក្លាយពីដីបឹងទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់
ភ្នំពេញ៖ក្នុងវេទិការសាធារណៈនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅផ្សាររុងរឿងសង្កាត់ព្រែកលាបខណ្ឌជ្រោយចង្វារមានប្រជាពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិការសាធារណៈតែមានពលរដ្ឋ តែ២រូបគត់ ស្នើនឹង២សំណូមពរ ដោយពលរដ្ឋម្នាក់ ស្នើឱ្យជួយអន្តរាគមន៍ ដោះស្រាយ ការបង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ពីសំណាក់ អ្នកជីវករ លក់ដូរភេសជ្ជៈពេលរាត្រី និងម្នាក់ទៀត ស្នើសុំជួសជុលផ្លូវមួយខ្សែ ក្នុងសង្កាត់ព្រែកតាសេក ។
ក្នុងវេទិការសាធារណៈខាងលើនេះក្រោមអធិបតីឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងឯកឧត្ដមឃ្លាំង ហួត អភិបាលរងតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ចំពោះសំណូមពរ និងសំណើររបស់ពលរដ្ឋទាំងពីរខាងលើ ត្រូវបានឯកឧត្តម ឃ្លាំង ហួត ឆ្លើយតបជូនភ្លាមៗ ពាក់ព័ន្ធនឹងអាជីវករលក់ដូរពេលរាត្រី តាមដងផ្លូវ បង្កសំឡេងរំខាន ដោយការចាក់ធុងបាស់ ដល់កណ្តាលអាធ្រាត្រ ។ឯកឧត្តម ឃ្លាំង ហួត បានណែនាំឱ្យអាជ្ញា ចុះទៅអប់រំ និងមិនត្រូវឱ្យមានការរំខានបែបនេះឡើយ ហើយអាជីវករលក់ដូរ ក៏ត្រូវប្រកបរបររកស៊ីដោយក្រមសីលធម៌ និងការទទួលខុសត្រូវខ្ពស់ ដោយឡែកអាជ្ញាធរ ចុះអប់រំ ក្នុងនាមជាអាណាព្យាបាល របស់ពលរដ្ឋក្នុងមូលដ្ឋាន ក៏មិនត្រូវប្រើប្រាស់កម្លាំង ឬទង្វើមិនគប្បីណាមួយលើអាជីវកនោះដែរ ។
ឯកឧត្តម អភិបាលរង បានបញ្ជាក់ថា ចំណែកផ្លូវមួយខ្សែខាងលើនោះ ស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុនឯកជន ហើយឯកឧត្តម សន្យាជំរុញដល់ក្រុមហ៊ុនឯកជន ឱ្យមានវិធានការ ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីបម្រើឱ្យផលប្រយោជន៍ជូនប្រជាជន ។
បន្ថែមលើនេះ ឯកឧត្តម ឃ្លាំង ហួត បានកត់សម្គាល់ថា ខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ដែលមានការចង្អុលបង្ហាញផ្ទាល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យខណ្ឌជ្រោយចង្វារ ប្រែក្លាយពីដីបឹង ទឹកលិច គ្មានផ្លូវ មកជាខណ្ឌមួយអភិវឌ្ឍរីកចម្រើន មានផ្លូវខ្វាត់ខ្វែង គួរឱ្យកត់សម្គាល់ ។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួ យសម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ។
គួរបញ្ជាក់ដែរថា៖វេទិការសាធារណៈនេះបានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ជាពិសេស ប្រជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានសង្កាត់ ខណ្ឌរបស់ខ្លួនឱ្យកាន់តែមានភាព ល្អប្រសើរ។ ហើយអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញ ឱ្យបានសមស្របតាមសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ៕
