ល្បីល្បាញណាស់ផ្លូវថ្មើរជើង ! បើកផ្សាររាត្រីឥណ្ឌូណេស៉ីថ្ងៃទី១ ម្សិលមិញមនុស្សចូលរួមច្រើនកុះកុរខណៈនៅមានយប់នេះ១ថ្ងៃទៀត
ភ្នំពេញ៖ផ្សាររាត្រីឥណ្ឌូណេស៉ី ដែលត្រូវបានបើកជាផ្លូវការនៅផ្លូវថ្មើរជើងចតុមុខ នៅមុខវត្តឧណ្ណាលោម នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១ មានមនុស្សចូលរួមយ៉ាងច្រើនកុះកុរ ខណៈកម្មវិធីនឹងបន្តនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះទៀត ដែលជាថ្ងៃចុងក្រោយ។
កម្មវិធីដែលមានរយៈពេល២ថ្ងៃនេះ ត្រូវបានសម្ពោធដោយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោក សាន់តូ ដាម៉ូស៊ូម៉ាតូ, រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជា លោក កាតូ ម៉ូហាម៉ាដ ណូសរី និងអភិបាលរងរាជធានីភ្នំពេញ លោក អ៉ីមរ៉ាន ហាសាន់។
នាឱកាសនោះ ឯកអគ្គរដ្ឋទូត លោក សាន់តូ បានពិពណ៌នាអំពីព្រឹត្តិការណ៍នេះថាជា «រាត្រីនៃការអបអរសាទរមិត្តភាព» ដោយសង្កត់ធ្ងន់លើបរិយាកាសកក់ក្តៅ និងរស់រវើកនៃផ្សាររាត្រីឥណ្ឌូណេស៊ី។ លោកបានអញ្ជើញអ្នកទស្សនា ឱ្យរីករាយនឹងទីកន្លែងនេះ ដែលជាកន្លែងជួបជុំ ចែករំលែករឿងរ៉ាវ និងពង្រឹងចំណងសហគមន៍។
លោកបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យចំណងមិត្តភាព មិនត្រឹមតែរវាងជនជាតិឥណ្ឌូណេស៊ី និងជនជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយសហគមន៍អន្តរជាតិដ៏ទូលំទូលាយ ក្នុងរាជធានីភ្នំពេញផងដែរ។
ឯកអគ្គរដ្ឋទូត បានថ្លែងថា «តន្ត្រី របាំ និងម្ហូបអាហារ គឺជាភាសាសកល។ តាមរយៈភាសាទាំងនេះ យើងសង្ឃឹមថាអ្នកទស្សនាកម្ពុជាអាចភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌ឥណ្ឌូណេស៊ី តាមរបៀបដែលគួរឱ្យចងចាំនិងរីករាយ»។
ផ្សាររាត្រីមានស្តង់ចំនួន១២ ដែលផ្តល់ជូននូវម្ហូបឥណ្ឌូណេស៊ីពិតៗ និងផលិតផលពិសេសៗដ៏គួរឱ្យទាក់ទាញ។ អ្នកទស្សនាអាចរីករាយជាមួយមុខម្ហូបពេញនិយមដូចជា បាក់សូ (សាច់គោប្រហិត) និងសាតេមាន់ រួមជាមួយនឹងម៉ាកយីហោឥណ្ឌូណេស៊ីជាច្រើន ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ចាប់ពីម្ហូបអាហារ និងភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាផ្ទាល់ខ្លួន និងឱសថបុរាណ។
ការសម្តែងវប្បធម៌ គឺជាចំណុចកណ្តាលនៃព្រឹត្តិការណ៍នេះ។ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ដោយរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ីដោយនិស្សិតនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ីនៅភ្នំពេញ ការសម្តែងរបាំឌាំងឌុតដ៏ស្វាហាប់ ដោយតារាចម្រៀងវ័យក្មេងឥណ្ឌូណេស៊ី ហ្វៃ អាម៉ាន់ដា និងការសម្តែងពិសេសបែបឥណ្ឌូណេស៊ី-ខ្មែរ ដែលរៀបចំដោយឌីជេ អូស្វាល់ដូ នូហ្គ្រូហូ។ ការលេងល្បែងអន្តរកម្ម ក៏ផ្តល់ឱកាសឱ្យភ្ញៀវទេសចរឈ្នះរង្វាន់ដែលមានផលិតផលឥណ្ឌូណេស៊ីផងដែរ។
ផ្សាររាត្រីឥណ្ឌូណេស៊ី ដែលផ្សាររាត្រីឥណ្ឌូណេស៉ីថ្ងៃទី១ មនុស្សចូលរួមច្រើនកុះកុរ ខណៈនៅមានយប់នេះ ១ថ្ងៃទៀត នៅផ្លូវដើរចតុមុខដ៏រស់រវើក មានគោលបំណងមិនត្រឹមតែទាក់ទាញហ្វូងមនុស្សចុងសប្តាហ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍតំបន់នេះឱ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏សំខាន់ផងដែរ។
ជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូណេស៊ី ផ្សាររាត្រីឥណ្ឌូណេស៊ី បម្រើជាវេទិកាមួយ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងអបអរសាទរតម្លៃរួមរវាងឥណ្ឌូណេស៊ី និងកម្ពុជា។ ផ្សាររាត្រីក៏មានបំណងជំរុញការធ្វើដំណើរនាពេលអនាគត ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងជំរុញចំណាប់អារម្មណ៍លើទំនិញឥណ្ឌូណេស៊ី ដោយគាំទ្រដល់គំនិតផ្តួចផ្តើមទេសចរណ៍ និងពាណិជ្ជកម្មកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ៕
