ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សាររាត្រីឥណ្ឌូណេស៉ី បើកជាលើកដំបូង កាលពីរាត្រីថ្ងៃទី១៥-១៦ ខែវិច្ឆិកានៅផ្លូវថ្មើរជើងចតុមុខ  មានភ្ញៀវជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកុះកុរ

51

ភ្នំពេញផ្សាររាត្រីឥណ្ឌូណេស៉ី បានបើកជាផ្លូវការលើកដំបូង កាលពីរាត្រីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ដល់ម៉ោង ៩យប់នៅផ្លូវថ្មើរជើងចតុមុខ នាមុខវត្តឧណ្ណាលោម មានភ្ញៀវជាតិនិងអន្តរជាតិចូលរួមយ៉ាងច្រើនកុះកុរ។

កម្មវិធីដែលមានរយៈពេល២ថ្ងៃនេះ ត្រូវបានសម្ពោធដោយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោក សាន់តូ ដាម៉ូស៊ូម៉ាតូ, ឯកឧត្ដមកាតូ ម៉ូហាម៉ាដ ណូសរី រដ្ឋលេខាធិការក្រសួងទេសចរណ៍កម្ពុជានិងឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញ លោក អ៉ីមរ៉ាន ហ្សាសាន់។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីលោក សាន់តូ បានពិពណ៌នាអំពីព្រឹត្តិការណ៍នេះថាជា «រាត្រីនៃការអបអរសាទរមិត្តភាព» ដោយសង្កត់ធ្ងន់លើបរិយាកាសកក់ក្តៅ និងរស់រវើកនៃផ្សាររាត្រីឥណ្ឌូណេស៊ី។ លោកបានអញ្ជើញអ្នកទស្សនា ឱ្យរីករាយនឹងទីកន្លែងនេះ ដែលជាកន្លែងជួបជុំ ចែករំលែករឿងរ៉ាវ និងពង្រឹងចំណងសហគមន៍។

លោកបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យចំណងមិត្តភាព មិនត្រឹមតែរវាងជនជាតិឥណ្ឌូណេស៊ី និងជនជាតិកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមួយសហគមន៍អន្តរជាតិដ៏ទូលំទូលាយ ក្នុងរាជធានីភ្នំពេញផងដែរ។

ឯកអគ្គរដ្ឋទូត បានថ្លែងថា «តន្ត្រី របាំ និងម្ហូបអាហារ គឺជាភាសាសកល។ តាមរយៈភាសាទាំងនេះ យើងសង្ឃឹមថាអ្នកទស្សនាកម្ពុជាអាចភ្ជាប់ទំនាក់ទំនងជាមួយវប្បធម៌ឥណ្ឌូណេស៊ី តាមរបៀបដែលគួរឱ្យចងចាំនិងរីករាយ»

ផ្សាររាត្រីមានស្តង់ចំនួន១២ ដែលផ្តល់ជូននូវម្ហូបឥណ្ឌូណេស៊ីពិតៗ និងផលិតផលពិសេសៗដ៏គួរឱ្យទាក់ទាញ។ អ្នកទស្សនាអាចរីករាយជាមួយមុខម្ហូបពេញនិយមដូចជា បាក់សូ (សាច់គោប្រហិត) និងសាតេមាន់ រួមជាមួយនឹងម៉ាកយីហោឥណ្ឌូណេស៊ីជាច្រើន ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ចាប់ពីម្ហូបអាហារ និងភេសជ្ជៈ រហូតដល់ផលិតផលថែរក្សាផ្ទាល់ខ្លួន និងឱសថបុរាណ។

ការសម្តែងវប្បធម៌ គឺជាចំណុចកណ្តាលនៃព្រឹត្តិការណ៍នេះ។ ភ្ញៀវកិត្តិយសត្រូវបានស្វាគមន៍ដោយរបាំ និងតន្ត្រីប្រពៃណីឥណ្ឌូណេស៊ីដោយនិស្សិតនៃមជ្ឈមណ្ឌលវប្បធម៌ឥណ្ឌូណេស៊ីនៅភ្នំពេញ ការសម្តែងរបាំឌាំងឌុតដ៏ស្វាហាប់ ដោយតារាចម្រៀងវ័យក្មេងឥណ្ឌូណេស៊ី ហ្វៃ អាម៉ាន់ដា និងការសម្តែងពិសេសបែបឥណ្ឌូណេស៊ី-ខ្មែរ ដែលរៀបចំដោយឌីជេ អូស្វាល់ដូ នូហ្គ្រូហូ។ ការលេងល្បែងអន្តរកម្ម ក៏ផ្តល់ឱកាសឱ្យភ្ញៀវទេសចរឈ្នះរង្វាន់ដែលមានផលិតផលឥណ្ឌូណេស៊ីផងដែរ។

ផ្សាររាត្រីឥណ្ឌូណេស៊ី មានមនុស្សចូលរួមច្រើនកុះកុរ នៅផ្លូវដើរចតុមុខដ៏រស់រវើក មានគោលបំណងមិនត្រឹមតែទាក់ទាញហ្វូងមនុស្សចុងសប្តាហ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍតំបន់នេះឱ្យទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏សំខាន់ផងដែរ។

ជាផ្នែកមួយនៃការទូតវប្បធម៌របស់ឥណ្ឌូណេស៊ី ផ្សាររាត្រីឥណ្ឌូណេស៊ី បម្រើជាវេទិកាមួយ ដើម្បីលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងអបអរសាទរតម្លៃរួមរវាងឥណ្ឌូណេស៊ី និងកម្ពុជា។ ផ្សាររាត្រីក៏មានបំណងជំរុញការធ្វើដំណើរនាពេលអនាគត ទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងជំរុញចំណាប់អារម្មណ៍លើទំនិញឥណ្ឌូណេស៊ី ដោយគាំទ្រដល់គំនិតផ្តួចផ្តើមទេសចរណ៍ និងពាណិជ្ជកម្មកាន់តែទូលំទូលាយរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា៖ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក សាន់តូ ជាម៉ូស៊ូម៉ាតូ ធ្លាប់បានបង្ហាញពីគម្រោងបង្កើតផ្សាររាត្រីឥណ្ឌូណេស៊ី នៅលើផ្លូវថ្មើរជើងចតុមុខ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូណេស៊ី។ គម្រោងនេះត្រូវបានអនុញ្ញាតដោយអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង ដោយស្នើឱ្យស្ថានទូតឥណ្ឌូណេស៊ីជ្រើសរើសទីតាំងឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ការការពារសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង